ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់យុវជនខ្មែរទាំងអស់ ត្រូវស្គាល់ពីគុណវិបត្តិ និងចូលរួមទប់ស្កាត់កុំឲ្យកើត មានសង្គ្រាមជាថ្មី នៅលើទឹកដីកម្ពុជា ព្រោះបើទោះបីជាបញ្ចប់ក៏ដោយ ក៏វាបន្សល់ទុកនូវគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ហើយនៅតែបន្តបង្កឲ្យមានសោដកម្មដ៏ច្រើនដល់ប្រជា ពលរដ្ឋខ្មែរជារៀងរាល់ឆ្នាំ ។
ក្នុងឱកាសចូលរួមពិធីអបអរខួបលើកទី២៤ ការទទួលបានជោគជ័យនៃគោនយោបាយ ឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយ ត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ តម្លៃពិតប្រាកដ នៃសន្តិភាព របស់កម្ពុជា ព្រោះរកបានដោយកម្រ និងលំបាកបំផុត ក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ ។
ឯកឧត្តមបានបន្តថា បើស្គាល់តម្លៃពិតនៃសន្តិភាព ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺនយោបាយឈ្នះ ឈ្នះ ត្រូវស្គាល់វិបត្តិនៃសង្គ្រាម ព្រោះ សង្គ្រាមបានបំផ្លិតបំផ្លាញអ្វីៗដែលយើងមាន មានអាយុជីវិត ទ្រព្យសម្បត្តិខ្លួនឯង និងជាតិ ជាដើម ។
ឯកឧត្តមអគ្គនាយក បន្ថែមថា វិបត្តិសង្គ្រាមធ្វើឲ្យវិនាសសាបសូន្យ ទាំងសិទ្ធីសេរីភាព គឺមិនអាចនិយាយពីលទ្ធិប្រជាធិបតេយ្យអ្វីទាំងអស់ ព្រោះជាសង្គ្រាម ដូចនេះ ត្រូវគិតគូរឲ្យ បានម៉ត់ចត់មុននឹងគាំទ្រ អ្នកណាមួយ ដែលនិយាយអំពីចលនាបដិវត្តន៍ពណ៌ ការធ្វើសង្គ្រាម ដើម្បីផ្លាស់ប្ដូរ នោះជារឿងខុសទាំងស្រុងហើយ ព្រោះឥឡូវទាក់ឡ្ហីករផ្សេងៗ មិនពិបាករក នោះទេ មានទាំងនៅវិមានឈ្នះ ឈ្នះ សារមន្ទីររបស់ស៊ីម៉ាក់ក្នុងខេត្តសៀមរាប ក៏អាចមើល ឃើញ និងយល់ច្បាស់ ពីសំណល់ជាតិផ្ទុះពីសង្គ្រាម ។
គួរបញ្ជាក់ថា ក្នុងពិធីអបអរខួប២៤ឆ្នាំ ការទទួលបានជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ អង្គភាពស៊ីម៉ាក់ ក៏បាននាំយកគ្រឿង សម្ភារបរិក្ខា សម្រាប់បោសសំអាតមីន រួមទាំងយក សំណល់ពីសង្គ្រាមមួយចំនួន ទៅធ្វើការតាំងពិព័រណ៍ក្នុងពិធីនេះផងដែរ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ







