បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះ ១១ម៉ែត្រនៅចុងវគ្គទី២ ជួយឱ្យ Paris Saint Germain យកឈ្នះ Strasbourg ទាំងលំបាក ២-១ ក្របខណ្ឌលីគកំពូលបារាំងសប្តាហ៍ទី១៦។

បន្ទាប់ពីខ្សែការពារប្រេស៊ីល Marquinhos បើកការនាំមុខតាំងពីនាទីទី១៤ Marquinhos ដដែលក៏ភ្លាត់ស្នៀតចូលទីខ្លួនឯងធ្វើឱ្យ Strasbourg តាមស្មើវិញ ១-១។ ក្រុមម្ចាស់ផ្ទះកាន់តែលំបាកនៅពេល Neymar ទទួលបានកាតលឿងទី២ បណ្តេញចេញពីការប្រកួត តែសំណាងនៅចុងម៉ោងវិញនៅពេលខ្សែការពារ Strasbourg, Gerzino Nyamsi ធ្វើឱ្យមានកំហុសលើ Mbappe ក្នុងប្រអប់គ្រោះថ្នាក់។ Mbappe ដែលទើបខូចចិត្តចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ World Cup នោះគឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ ១១ម៉ែត្រយកបីពិន្ទុឱ្យ PSG ទាំងលំបាក។ បីពិន្ទុបន្ថែមនេះធ្វើឱ្យ PSG បន្តការនាំមុខនៅក្របខណ្ឌបារាំង Ligue 1 ដាច់ ៨ពិន្ទុពីក្រុម Lens ដែលមានការប្រកួតយប់នេះ៕
អត្ថបទ៖នាង សុភាវុធ