អ៊ុយក្រែន ៖ ការប្រកាសសញ្ញាអាសន្នមួយនៃការវាយប្រហារតាមអាកាស ត្រូវបានបញ្ចេញនៅទូទាំងអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ជារលកថ្មីមួយនៃការវាយប្រហារដោយមីស៊ីល ដាក់គោលដៅលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយថា មីស៊ីលជាង១២០គ្រាប់ ត្រូវបានបាញ់ស្រោចទៅលើប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ។
ចំណែក លោក Vitaliy Klitschko អភិបាលក្រុង Kyiv បាននិយាយថា មនុស្សយ៉ាងហោចណាស់៣នាក់ រួមទាំងក្មេងស្រី វ័យ១៤ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយការផ្ទុះនៅក្នុងរដ្ឋធានី Kyiv។
ការផ្ទុះនានា ក៏ត្រូវបានលាន់លឺនៅក្នុងទីក្រុងមួយចំនួនទៀតដែរ ដូចជា ទីក្រុង Kharkiv Odesa Lviv និងទីក្រុង Zhytomyr។
មេដឹកនាំប្រចាំតំបន់នៃខេត្ត Odesa ភាគខាងត្បូងអ៊ុយក្រែនលោក Maksym Marchenko បាននិយាយថាមានការវាយប្រហារដោយមីស៊ីលដ៏សន្ធឹកសន្ធាប់ មកលើអ៊ុយក្រែន។
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និយាយថា រុស្ស៊ីកំពុងវាយប្រហារប្រទេសនេះ ពីទិសដៅផ្សេងៗគ្នាជាច្រើនទាំងតាមអាកាស និងមីស៊ីលតម្រង់គោលដៅដែលមានមូលដ្ឋាននៅសមុទ្រ។ ប្រភពដដែលបន្ថែមថា យានដ្រូន Kamikazeមួយចំនួនក៏ត្រូវបានប្រើដែរ៕


