ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចេញវិធានការជាក់លាក់លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលករណីឆ្លងប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ មានការកើនឡើង។
យោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៩ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អបំផុត ដែលនឹងជួយយើង កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឬការឆ្លងហើយ តែមិននាំដល់ករណីធ្ងន់ធ្ងរ ឬស្លាប់។
សម្តេចបានប្រកាសសម្រេច ៖ ទី១- ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារចាប់ពីអាយុ៣ ដល់ក្រោម ៥ឆ្នាំ ទី២-ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ដល់កុមារអាយុ ៥ដល់ក្រោម ១២ឆ្នាំ និងទី៣-ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៦ ជូនមន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឯកភាពលើគោលការណ៍ការស្នើឡើងពីរបៀបចាក់វ៉ាក់សាំងកូវីដ-១៩ គឺត្រូវធ្វើឡើងរយៈពេល ៦ខែម្តង បន្ទាប់ពីដំណើរការចាក់ដូសចុងក្រោយ ដែលត្រូវបានទទួល ដើម្បីសហគមនាគមន៍កម្ពុជាបានរឹងមាំទប់នឹងករណីឆ្លងកូវីដ-១៩ជាថ្មី។
សម្តេចប្រកាសអំពាវនាវសារជាថ្មីឡើងវិញដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩ដូសជំរុញទី៣ សូមមេត្តារួសរាន់ទៅចាក់ ហើយអ្នកដែលទទួលបានដូសទី៣ហើយ សូមបន្តទៅចាក់ដូសទី៤ និងដូសបន្តបន្ទាប់តាមពេលវេលា និងទីកន្លែងដែលបានត្រៀមទុក។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កង្វល់ធំរបស់យើងនាពេលនេះ មិនមែនយើងខ្វះវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះទេ បញ្ហាស្ថិតនៅត្រង់ថា “ប្រជាពលរដ្ឋមួយចំនួន មិនមកទទួលវ៉ាក់សាំងទៅវិញទេ”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧លានដូស កំពុងស្តុកទុកក្នុងឃ្លាំងរក្សាវ៉ាក់សាំង នេះមិនរាប់បញ្ចូលវ៉ាក់សាំងជាង ២០លានដូសដែលកម្ពុជាបញ្ជាទិញ នឹងដឹកជាបន្តបន្ទាប់មកកម្ពុជានោះឡើយ។ “ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋ”៕
