កំពង់ស្ពឺ : ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី ៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតគុនខ្មែរ ( khmer fight) « ជើងឯក ប៉ះជើងឯក» រវាងកីឡាករកម្ពុជា និងកីឡាករបរទេស ដែលជាជើងឯក និងជាកីឡាករជម្រើសជាតិត្រៀមលក្ខណៈក្នុងការប្រកួត ASEAN GAME 2023, នារសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២ នៅកីឡដ្ឋានកំពង់ស្ពឺ។
កម្មវិធីខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមតំណាងរាស្រ្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារសហព័ន្ធកីឡាប្រដាល់កម្ពុជា សមាជិក សមាជិកា គណៈកម្មការរៀបចំការប្រកួត តំណាងក្រុមហ៊ុនឧបត្ថម្ភ និងកីឡាករ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ សហព័ន្ធកីឡាប្រដាល់កម្ពុជា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រុមការងារ ដែលបានសហការគ្នារៀបចំ កម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំសកល និងឱ្យបងប្អូនអ្នកខេត្តកំពង់ស្ពឺចូលរួមអបអរ សប្បាយរីករាយនៅ កីឡដ្ឋានខេត្តកំពង់ស្ពឺថ្មីរបស់យើង។ ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយ ឯកឧត្តមបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ ជាពិសេសនោះគឺ ប្រជាពលរដ្ឋ ដែលបានសហការ យោគយល់គ្នា និងលះបង់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid -១៩ រហូតធ្វើអោយប្រទេសកម្ពុជាត្រឡប់មកស្ថានភាពដូចដើមវិញ។ ឯកឧត្តមបានបន្ថែមថា ក្នុងសង្គមដែលពោរពេញដោយសុខសន្តិភាព និងសេ្ថរភាពនយោបាយ ជាពិសេសការគ្រប់គ្រងបានដោយជោគជ័យនៃជំងឺ Covid- ១៩ ទើបយើងអាចមកជួបជុំគ្នាបាន រៀបចំព្រឹត្តិការណ៍នានា ជាពិសេសការប្រកួតនៅថ្ងៃនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើនដែលយើងទាំងអស់គ្នា កំពុងតែទទួលបាននៅពេលនេះ ពិតណាស់ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាប្រមុខដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ដែលធ្វើអោយប្រទេសជាតិយើង សន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍជាពិសេសខេត្តកំពង់ស្ពឺរបស់យើង តែម្តង។
សូមជម្រាបជូនថា សម្រាប់ឆ្នាំនេះដើម្បីអបអរសាទរចូលឆ្នាំសកល ២០២៣ កម្មវិធីនៅកីឡដ្ឋានកំពង់ស្ពឺ មិនត្រឹមមានតែកម្មវិធីប្រដាល់០២ថ្ងៃនេះទេ គឺនៅមានកម្មវិធីប្រគុំតន្រ្តីចំនួន០២ថ្ងៃទៀត ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរថ្ងៃឆ្លងឆ្នាំសកល ២០២២-២០២៣ ផងដែរ៕ អត្ថបទ រដ្ឋា











