នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែគឺផ្លូវជាតិលេខ៣១ និង៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖
-សម្តេចតេជោ ហ៊ុន សែន ប្រកាសពីជោគជ័យ នៃការគាំទ្ររបស់ប្រជាពលរដ្ឋខេត្តកែប និងខេត្តកំពត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។
-សម្ដេចតេជោ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនៅខេត្តទាំងពីរនេះ នៅតែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលបន្តបន្ទាប់។
- សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា ការស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិទាំងពីរខ្សែនេះ នឹងក្លាយជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋខេត្តកែប និងកំពត និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនត្រឹមតែផ្លូវជាតិទាំងពីខ្សែនេះទេ កម្ពុជានៅមានគម្រោង និងបានសម្ពោធគម្រោងស្តារ និងលើកម្ពស់គុណភាពផ្លូវជាច្រើនខ្សែ ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្ររួចមកហើយ ដែលនេះបានបង្ហាញពីចូលរួមរបស់មិត្តចិន ក្នុងការជួយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្រានចោលឥណទានពីដៃគូអភិវឌ្ឍន៍មួយ ដោយសារតែម្ចាស់លុយនោះផ្តល់ជូនកម្ពុជាក្នុងគម្រោងផ្សេង ខណៈដែលកម្ពុជាត្រូវការគម្រោងផ្សេង និងចាំបាច់។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយអាចបញ្ចប់សង្គ្រាមតាមបែបកម្ពុជាបានឡើយទេ គឺបញ្ចប់សង្គ្រាមតាម«នយោបាយឈ្នះ ឈ្នះ» ដែលគ្រប់ភាគីទាំងអស់ នៃជម្លោះប្រដាប់អាវុធ «ឈ្នះទាំងអស់គ្នា»។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិជូរចត់ នៃដំណើរបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ដែលកាលណោះ មានបរទេសខ្លះ បានរិះគន់ និងគាំទ្រខ្មែរក្រហមប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ។
-សម្តេចតេជោថា ដោយស្មារតីខ្មែរតែមួយ កម្ពុជា បានបញ្ចប់សង្គ្រាមជម្លោះប្រដាប់អាវុធទាំងស្រុងនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ ឈ្នះ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កត្តាសុខសន្តិភាព» គឺជាមរកតដ៏មានសារៈសំខាន់បំផុត សម្រាប់កម្ពុជា ដែលមរកតដ៏សំខាន់នេះ ត្រូវរួមគ្នាថែរក្សាឱ្យបានជានិច្ចនិរន្ត។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការទម្លុះទម្លាយ ក្នុងពេលវត្តមានជំនាញការ និងកងទ័ពវៀតណាមនៅកម្ពុជា ដើម្បីឯកភាពផ្ទៃក្នុង និងសេដ្ឋកិច្ចឯកជនកម្ពុជា ក្នុងនោះជំនាញការវៀតណាមបានដកចេញពីកម្ពុជានៅឆ្នាំ១៩៨៨ ហើយកងទ័ពវៀតណាមដកចេញនៅឆ្នាំ១៩៨៩។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជាតិលេខ៣១-៣៣ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែលនឹងមានផលប៉ះពាល់ខ្លះជៀសមិនរួច តែនៅពេលរួចរាល់ផ្លូវនេះ នឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមសោកស្តាយ និងរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់ និងរបួស ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរាត្រីថ្ងៃទី២៨ឈានចូលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការ និងសម្ភារៈឧបករណ៍ ដើម្បីត្រៀមបង្ការបម្រើឱ្យការអន្តរាគមន៍ និងពន្លត់អគ្គិភ័យ តាមអគារដែលកំពស់ខ្ពស់ៗពិបាកក្នុងការជួយសង្គ្រោះ និងអន្តរាគមន៍។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និងដាក់ចេញវិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អបំផុត ដែលនឹងជួយយើង កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឬការឆ្លងហើយ តែមិននាំដល់ករណីធ្ងន់ធ្ងរ ឬស្លាប់»។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងដល់កុមារ និងប្រជាពលរដ្ឋទូទៅ ដោយ៖ ទី១- ការចាក់វ៉ាក់សាំង ដូសទី៤ ដល់កុមារចាប់ពីអាយុ៣ ដល់ក្រោម ៥ឆ្នាំ ទី២-ចាក់វ៉ាក់សាំងដូសទី៥ ដល់កុមារអាយុ ៥ដល់ក្រោម ១២ឆ្នាំ និងទី៣-ចាក់ដូសទី៦ ដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញគោលការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងប្រជាពលរដ្ឋទូទៅ គឺត្រូវធ្វើឡើងរយៈពេល ៦ខែម្តង បន្ទាប់ពីដំណើរការចាក់ដូសចុងក្រោយ ដើម្បីសហគមនាគមន៍កម្ពុជារឹងមាំ ទប់នឹងករណីឆ្លងកូវីដ-១៩ជាថ្មី។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ នឹងដាច់ឆ្នាំ២០២២ ហើយឆ្នាំ២០២៣ គឺជាឆ្នាំដែលមន្ត្រីរាជការ កងកម្លាំងអាដាប់អាវុធគ្រប់លំដាប់ ត្រូវឡើងប្រាក់ខែហើយ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកបណ្ឌិត សុខ ទូច គ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិក នៃរាជបណ្ឌិត្យសភាកម្ពុជាខ្លួនឯងមិនបាន មកស្នើឱ្យរាជរដ្ឋាភិបាលកុំបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ ទៅជាបើកតាមគោលការណ៍ចាស់(ប្រាក់សុទ្ធដោយផ្ទាល់)។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានកំណែទម្រង់ធំណាស់រឿងបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារនេះ ហើយបានចំណេញធំណាស់ដល់ជាតិ និងពេលវេលាសម្រាប់អ្នកប្រើប្រាស់សេវារដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានប្រឹងប្រែងដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ហើយសម្តេចបានលើកទឹកចិត្តដល់អភិបាលខេត្តកំពតបន្តសកម្មភាពនោះជានិច្ចដរាប។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកថា គណបក្សប្រជាជនកម្ពុជា មិនធ្វើឱ្យប្រជាជនកម្ពុជា ខលបំណង ដោយសារភាពគ្មានទំនួលខុសត្រូវនោះទេ។
-សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង៣២ នាទី




