បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមភ្ញៀវប្រ៊ុយណេ ៥-១ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ប៉ុន្ដែទោះទទួលបាន ៣ពិន្ទុបន្ថែមយ៉ាងណាក្ដី ក៏ខ្សែការពារ ជួន ចាន់ចាវ ថា វគ្គទី១ ក្រុមខ្លួនធ្វើពុំបានល្អឡើយ។ ការប្រកួតទី៣ ក្នុងពូល A នេះ ប្រ៊ុយណេបានបើកការនាំមុខម្ចាស់ផ្ទះកម្ពុជា ១គ្រាប់មុនដែលរកបានដោយកីឡាករ Nurikhwan Othman នៅនាទី២១ មុនខ្សែការពារ ជួន ចាន់ចាវ តែតបញ្ចប់ទីគ្រាប់តាមស្មើ ១-១ ឲ្យក្រុមគោព្រៃវិញ ក្រោយការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ ទេស សម្បត្តិ នៅនាទី៣១។ ចូលវគ្គទី២ កម្ពុជាបានព្យាយាមដាក់សម្ពាធខ្លាំងលើគូប្រកួតដោយរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ដោយខ្សែប្រយុទ្ធខ្មែរ-អាមេរិក Taylor Goeung Nicolas នៅនាទី៥០, កីឡាករ កែវ សុខផេង នៅនាទី៧៣ និង ២គ្រាប់ចុងក្រោយរកបានដោយកីឡាករ លឹម ពិសុទ្ធ នៅនាទី៨០ និងនាទី៨៨ ដើម្បីធានាជ័យជម្នះឲ្យកម្ពុជាតែម្ដង។

ក្រោយចប់ការប្រកួត ជួន ចាន់ចាវ លើកឡើងថា ការប្រកួតនេះប្រសិនបើក្រុមរបស់ខ្លួនមិនសូវខ្ជះខ្ជាយឱកាសនៅវគ្គទី១ កម្ពុជាអាចនឹងរកបានគ្រាប់បាល់លើសពី ៥គ្រាប់។ យ៉ាងណាគេរីករាយនឹងជ័យជម្នះនេះ ហើយប្ដេជ្ញានឹងធ្វើឲ្យបានល្អប្រសើរនៅការប្រកួតចុងក្រោយជាមួយថៃ ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ឈរលេខ៣ និងមាន ៦ពិន្ទុចាញ់ប្រៀបថៃ និងឥណ្ឌូនេស៊ី ១ពិន្ទុ។ យ៉ាងណាក្ដីកម្ពុជានៅសល់ ១ប្រកួតទៀតដោយត្រូវជួបក្រុមម្ចាស់ផ្ទះថៃនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ដោយកម្ពុជាត្រូវការជ័យជម្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ដនៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍នេះ៕ អត្ថបទ៖ លី ឈុនឡា
