អឺរ៉ុប៖ គណៈកម្មការអឺរ៉ុបបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្ររបស់ប្លុកដ៏ធំមួយនេះ ដែលបានប្រឈមនឹងករណីឆ្លងវីរុសរាតត្បាតសកល Covid-19 របស់ប្រទេសចិន។
ខណៈប្រទេសបារាំងនិយាយថា ខ្លួនគ្មានផែនការដាក់ចេញការត្រួតពិនិត្យសុខភាព លើអ្នកដំណើររបស់ចិននៅពេលបច្ចុប្បន្ននេះទេ រដ្ឋាភិបាលនេះបានណែនាំដល់អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយរៀបចំការធ្វើតេស្ត។ ក្រុមអ្នកតំណាងថ្នាក់រដ្ឋមន្ត្រីសុខភាពទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុបបានមានជំនួបកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាពីវិធានការនានាដែលអាចធ្វើទៅបាន សម្រាប់យុទ្ធសាស្ត្រដែលត្រូវបានសម្របសម្រួល ដោយមើលឃើញពីស្ថានភាពនៃជំងឺរាតត្បាតសកលនៅក្នុងប្រទេសចិន។
មន្ទីរពេទ្យនានាទូទាំងប្រទេសចិនត្រូវបានរាយការណ៍ថា បានផ្ទុកអ្នកជំងឺច្រើនលើសចំណុះដោយសារតែការកើនឡើងករណីឆ្លងដ៏ច្រើនបំផុត ក្រោយការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការបន្ធូរបន្ថយ គោលនយោបាយគ្មានវីរុស Covid របស់ខ្លួននៅខែនេះ រួមទាំងការដកចេញបម្រាមធ្វើដំណើរចេញទៅបរទេស។ នៅសប្ដាហ៍នេះទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកជាកាតព្វកិច្ច លើការមកដល់របស់អ្នកដំណើរ ដែលជំរុញឲ្យមនុស្សជាច្រើននៅក្នុងប្រទេសចិន រៀបគម្រោងធ្វើដំណើរទៅក្រៅប្រទេស៕
អត្ថបទ៖ សុខមាន