បាល់ទាត់៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានទទួលមរណភាពហើយនៅក្នុងវ័យ ៨២ឆ្នាំដោយសាររោគាពាធ។ លោក Pele មានបញ្ហាក្រលៀន និងក្រពេញប្រូស្តាស ដែលធ្វើឱ្យសុខភាពរបស់លោកបានធ្លាក់ចុះខ្លាំងប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសនៅក្នុងឆ្នាំ២០២២ នេះ។

លោក Pele ធ្លាប់បានទទួលការវះកាត់យកដុំគីសនៅក្នុងពោះវៀនធំកាលពីខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo តែមិនចប់សព្វគ្រប់ឡើយ ស្ថានភាពជំងឺរបស់លោក Pele មិនបានធូរស្បើយទេ ហើយក៏ត្រូវបញ្ជូនត្រលប់មកមន្ទីរពេទ្យវិញនៅចុងខែវិច្ឆិកាកន្លងទៅមកទល់ពេលនេះ។ កូនស្រីរបស់លោក Pele, Nely Nascimento តែងតែធ្វើបច្ចុប្បន្នភាពសុខភាពឪពុករបស់ខ្លួនជាប្រចាំនៅលើបណ្តាញសង្គម ខណៈក្រុមគ្រួសារបានចំណាយពេលរួមគ្នានៅជាមួយលោក Pele នៅក្នុងមន្ទីរពេទ្យអំឡុងបុណ្យគ្រីសស្មានកន្លងទៅនេះ។ មន្ទីរពេទ្យបានបញ្ជាក់ពីមរណភាពរបស់លោក Pele ដោយសារជំងឺមហារីកពោះវៀនធំ។
Edson Arantes do Nascimento ដែលគេស្គាល់ថា Pele បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនតាំងពីវ័យ ១៧ឆ្នាំ និងបានជួយប្រេស៊ីលឈ្នះជើងឯកបាល់ទាត់ពិភពលោកនៅ ១៩៥៨ នៅប្រទេសស៊ុយអែត។ លោកបានស៊ុតបញ្ចូលទី ១គ្រាប់ក្នុងជ័យជំនះលើវែល ១-០ នៅវគ្គ ៨ក្រុមចុងក្រោយ ស៊ុតបញ្ចូលទី ៣គ្រាប់ទល់នឹងបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងស៊ុតបញ្ចូលទី ២គ្រាប់ទៀតនៅវគ្គផ្តាច់ព្រ័ត្រក្នុងជ័យជំនះ ៥-២ លើម្ចាស់ផ្ទះស៊ុយអែត៕
អត្ថបទ៖នាង សុភាវុធ