ប្រដាល់សកល៖ ក្រុមកីឡាប្រដាល់សកលក្រសួងមហាផ្ទៃបានឈ្នះមេដាយច្រើនជាងគេ ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃកន្លងទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមវត្តមានលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា ជើងឯកប្រដាល់សកលថ្នាក់ជាតិឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៩១នាក់មកពី ១៦សមាគម/ក្លិប រាជធានី-ខេត្ត និងក្រសួងចូលរួម។ ជាលទ្ធផលក្រសួងមហាផ្ទៃឈរកំពូលតារាងមេដាយ ដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ២) គ្រាដែលក្លិបប្រដាល់អារុណរៈខេត្តកណ្ដាលឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស ២ ប្រាក់ ៤ និងសំរឹទ្ធ២)។ ចំណែករាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្ដើមបានមេដាយមាស ២គ្រឿងស្មើគ្នាឈរលេខ៣ និងលេខ៤ ខណៈក្លិបសរសីកីឡាឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៥ និងក្រសួងការពារជាតិដណ្ដើមបានមេដាយមាស ១ ឈរលេខ៦ ។ ក្រៅពីនេះក៏មានក្លិបមួយចំនួនទៀតដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធក្នុងចំណោម ១១វិញ្ញាសាដែលសហព័ន្ធបានរៀបចំក្នុងការប្រកួតប្រចាំឆ្នាំនេះផងដែរ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ឆ្លងកាត់ការប្រកួត ៤ថ្ងៃកន្លងមក សហព័ន្ធបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កីឡាករ-កីឡាការិនីចូលរួម ដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញ ស្របតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី ដើម្បីឈ្ពោះទៅរកភាពជោគជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ។ រីឯការបំពេញតួនាទីភារកិច្ចរបស់មន្ដ្រីបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រមក៏មានលក្ខណៈល្អប្រសើរផងដែរ។ ជាមួយគ្នានោះ ប្រមុខសហព័ន្ធលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធដែលតែងគាំទ្រ និងចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះក្នុងន័យដើម្បីដកស្រង់ វាស់ស្ទង់ និងបង្កើនសមត្ថភាព បច្ចេកទេសរបស់កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់ និងត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា