អ៊ុយក្រែន៖ មួយថ្ងៃក្រោយការបាញ់ស្រោចដោយមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទទួលស្គាល់ថា តំបន់ភាគច្រើនកំពុងប៉ះពាល់ធ្ងន់ធ្ងរដោយគ្មានអគ្គិសនីប្រើប្រាស់ ប៉ុន្តែលោកថា ការខូចខាតនឹងមានវិសាលភាពធំធេង បើគ្មានប្រព័ន្ធការពារដែនអាកាសទេនោះ។
ក្នុងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Zelenskyy បាននិយាយថា ទីបញ្ជាការទ័ពអាកាសនៅភាគកណ្ដាល ភាគខាងត្បូង ភាគខាងកើត និងខាងលិចរបស់អ៊ុយក្រែនបានកម្ទេចមីស៊ីលចំនួន ៥៤គ្រាប់ និងយានដ្រូន ១១គ្រឿងរបស់រុស្ស៊ីអំឡុងការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារតាមអាកាសធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

លោក Zelenskyy និយាយថា តំបន់នានាដែលដាច់ចរន្តថាមពលធ្ងន់ធ្ងរបំផុតរួមមានរដ្ឋធានី Kyiv, ទីក្រុង Odesa និងទីក្រុង Kherson នៅភាគខាងត្បូង និងតំបន់ជុំវិញជាច្រើនទៀត ក៏ដូចជាតំបន់ជុំវិញទីក្រុង Lviv ជិតព្រំដែនភាគខាងលិចប្រទេសប៉ូឡូញ។ ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារតាមអាកាស ត្រូវបានរោទ៍ទូទាំងប្រទេសអ៊ុយក្រែនរយៈពេល ៥ម៉ោងនៅក្នុងរដ្ឋធានី Kyiv។ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង ១២០គ្រាប់កាលពីថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ សុខមាន