កំពត ៖ ករណីរំលោភយកដីចំណីព្រែក និងដងព្រែកមួយកន្លែងស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូខេត្តកំពត ដំបូងឡើយបុគ្គលរំលោភត្រឹមបោះរបងឈើហ៊ុមព័ទ្ធ ប៉ុន្តែពេលរដ្ឋបាលស្រុកទឹកឈូចុះទៅឃាត់ និងចេញលិខិតឲ្យបញ្ឈប់សកម្មភាព បុគ្គលនោះចាប់ផ្តើមចាក់ដីលប់ ហើយរដ្ឋបាលស្រុកបានចេញលិខិតលើកទី២ ឲ្យកាយដីចេញវិញ បុគ្គលនោះក៏ចាប់រៀបរបងថ្មបេតុងហ៊ុមព័ទ ឥឡូវរដ្ឋបាលស្រុកចេញលិខិតទី៣ឲ្យរុះរើរបង និងកាយអាចម៍ចេញទៀត ចាំមើលតើបុគ្គលដែលគេស្គាល់ថាជាអ្នករកស៊ីដីឡូតិ៍ និងជាមន្ត្រីសាលាខេត្តផងនោះធ្វើអ្វីបន្តទៀត?
ឆ្លើយតបចំពោះភាពមិនអើពើរបស់អ្នកចាក់ដីបំពានយកដងព្រែក និងចំណីព្រែកក្បែរស្ពានក្បាលរមាស រួចហ៊ុមព័ទ្ធរបងបេតុងបម្រុងកាន់កាប់ជាកម្មសិទ្ធិស្ថិតក្នុងឃុំជុំក្រៀល អាជ្ញាធរស្រុកទឹកឈូបានសម្រេចធ្វើលិខិតផ្លូវការជាលើកទី៣ តម្រូវឱ្យបុគ្គលនោះរុះរើ និងកាយអាចម៍ដីចេញវិញអំឡុងពេល២០ថ្ងៃជាកំហិត។
លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបានបញ្ជាក់តាមទូរសព្ទថា ទោះបីមន្ត្រីរដ្ឋបាលស្រុកគ្រប់រូបមមាញឹកជាមួយកិច្ចការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្តី ក៏រដ្ឋបាលស្រុកបានតាមដានដឹងថាការលបលួចហ៊ុមព័ទ្ធបំពានយកដីព្រែក និងដីចំណីព្រែក ក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀលរបស់ឈ្មោះអេង សុខហេង នៅតែធ្វើសកម្មភាពបន្ត។ នេះជាទង្វើផ្គើនមួយដែលអាជ្ញាធរមិនអាចព្រងើយកន្តើយបានទេ ហើយវាជាកាតព្វកិច្ចដ៏ចាំបាច់ ក្នុងការរក្សាទ្រព្យសម្បត្តិរដ្ឋឱ្យនៅគងវង្ស។
លោកបានបញ្ជាក់ថាទោះបុគ្គលនោះអាងអ្វីនៅពីក្រោយក៏ដោយ រដ្ឋបាលស្រុកនឹងចេញលិខិតលើកទី៣ នៅថ្ងៃទី២១ ខែមេសានេះ ដែលជាលិខិតចុងក្រោយតម្រូវឱ្យ បុគ្គលអ្នកប្រព្រឹត្ត ចាំបាច់ត្រូវរុះរើ និងកាយអាចម៍ដីចេញវិញ ដើម្បីរក្សាស្ថានភាពដើមក្នុងរយៈពេល២០ថ្ងៃជាកំហិត។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងករណីបុគ្គលរូបនោះមិនអនុវត្តតាម រដ្ឋបាលស្រុកនឹងធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្តដើម្បីស្នើសុំអយ្យការអមសាលាដំបូង ចាត់ការតាមនីតិវិធី ព្រោះបុគ្គលម្នាក់នោះបានដើរធ្វើសកម្មភាពជាច្រើនកន្លែងបង្កការលំបាកដល់អាជ្ញាធរដែលត្រូវប្រឈមមុខដោះស្រាយឥតឈប់ឈរ។
គួរំលឹកថា លិខិតប្រមានលើកទី២ លេខ៤១/២១ស.ជ.ណ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានបង្គាប់ឲ្យ លោកអេង សុខហេង បញ្ឈប់សកម្មភាព ហើយកាយអាចម៍ដីដែលបានចាក់ ដីចំណីព្រែក រំលោភចូលនិងដងព្រែកចេញវិញរយៈពេល៣ថ្ងៃជាកំហិត តែលោក អេង សុខហេង មិនត្រឹមតែមិនស្តាប់ទេ ថែមទាំងផ្គើនធ្វើរបងថ្មបេតុងកម្ពស់មួយសន្ទូងដៃមនុស្សចាស់ហ៊ុមព័ទ្ធដីចំណីព្រែក ស្ទើររួចរាល់មួយរភាគរយ៕អត្ថបទ ៖ សារឹម

