ប្រណាំងរថយន្ត៖ របងបិទជិតពោរពេញដោយកាកសំណល់ប្លាស្ទិក ទីលានប្រណាំង F1 នៅទីក្រុងហាណូយប្រទេសវៀតណាមត្រូវបានគេបោះបង់ចោល ខណៈដែលក្តីសង្ឃឹមចង់រៀបចំ F1 លើកដំបូងនៅកណ្តាលរដ្ឋធានីនៃប្រទេសវៀតណាម ត្រូវរលាយសាបសូន្យបាត់ដំណឹងសូន្យឈឹង។
ទីក្រុងហាណូយគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រណាំង F1 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០២០ តែក៏ត្រូវបានលុបចោលវិញដោយសារវិបត្តិនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ ហើយតាំងពីពេលនោះមកក៏គេមិនដែលបានដឹងពីដំណឹងនៃការរៀបចំ F1 នៅទៀតឡើយ។ មកទល់ពេលនេះ កន្លែងអង្គុយទស្សនាជុំវិញទីលានត្រូវបានគេយកចេញ ហើយក៏មានសំរាមខ្លះដែលចោលដោយមនុស្សដែលចូលតាមរបងចំហ។
បើតាមគម្រោងទីលាន F1 នៅទីក្រុងហាណូយប្រទេសវៀតណាម គឺត្រូវប្រណាំងនៅលើផ្លូវសាធារណតែម្តង ដែលរួមមានផ្លូវបត់ 22 ចំងាយមួយជុំ 5.565km នឹងក្លាយជាទីលាន F1 លើផ្លូវសាធារណៈទីបួនបន្ទាប់ពីម៉ូណាកូ សិង្ហបុរី និងអាស៊ែបៃសង់។ ការរចនាទីលាននេះធ្វើឡើងដោយលោក Hermann Tilke ដែលនឹងមានផ្លូវត្រង់ 1.5km ដែលនឹងឃើញរថយន្តប្រើល្បឿនអតិបរមាដល់ទៅ 335km/h។ ព្រឹត្តិការណ៍ F1 នៅប្រទេសវៀតណាមនឹងក្លាយជា Grand Prix ទីបីនៅលើទឹកដីអាស៊ីអាគ្នេយ៍បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី៕
អត្ថបទ៖នាង សុភាវុធ