ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា សហគ្រាសធុនតូច និងមធ្យម គឺជាវិស័យយុទ្ធសាស្រ្តមួយរបស់កម្ពុជា និងដើរតួនាទីជាវិស័យស្នូលប្រកប ដោយភាពធន់ ហើយវិស័យនេះនឹងក្លាយទៅជាឧស្សាហកម្ម សម្រាប់ការផ្គត់ផ្គង់ និងចែកចាយទំនិញកាន់តែធំ និងបង្កើតចំណូលសម្រាប់សេដ្ឋកិច្ចជាតិកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ BTV ស្តីពីវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាថា នៅមុនពេលផ្ទុះឡើងនៃជំងឺកូវីដ ១៩ វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលនមានសម្ទុះខ្លាំងក្លា គឺវិស័យអចលនទ្រព្យ, ទេសចរណ៍ និងវិស័យសំណង់ តែនៅពេលជួបវិបត្តិវិស័យទាំង៣នេះបានជាប់គាំង ប៉ុន្តែនៅក្នុងវិបត្តិនេះដែរ វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម បានក្លាយទៅជាវិស័យយុទ្ធសាស្រ្តរបស់កម្ពុជា និងដើរតួនាទីជាវិស័យស្នូលដ៏សំខាន់ ប្រកបដោយភាពធន់ ទោះជាមានវិបត្តិបែបណាក៏ដោយ វិស័យទាំងពីរនេះ នឹងដើរតួជាអ្នកផ្គត់ផ្គង់ និងចែកចាយ ទោះបីវិស័យទាំងនេះ មានតម្លៃបន្ថែមទាបក៏ដោយ។
ឯកឧត្តម បន្តថា ចំពោះវិស័យ SME វិញ, គឺជាវិស័យមួយនឹងអាចពង្រីកខ្លួនកាន់តែប្រសើរ និងអាចស្របយកកសិផល ពីវិស័យកសិកម្មកាន់តែធំ យកមកកែច្នៃ និងវេចខ្ចប់ ហើយទៅថ្ងៃខាងមុខ វិស័យនេះនឹងអាចក្លាយទៅជាឧស្សាហកម្មខ្នាតធំ សម្រាប់ការផលិត និងផ្គត់ផ្គង់ ប្រសិនមានការគាំទ្រ ការលើកទឹកចិត្ត និងការជំរុញឲ្យវិស័យរឹងមាំ ហើយទៅឆ្នាំ ២០២៣ តទៅ SME នឹងមានកំណើនលឿន ជាជាងការអភិវឌ្ឍលើវិស័យអចនទ្រព្យ និងសំណង់ ដែលវិស័យនេះ ធ្វើឲ្យមានគម្លាយខ្លាំងរវាងអ្នកមាន និងអ្នកក្រ។
ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ, លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅដើមឆ្នាំ ២០២២ ឃើញថា វិស័យនេះមានកំណើនងើបឡើង ប៉ុន្តែមកដល់ចុងឆ្នាំ បានប្រែប្រួលស្រុតចុះបន្តិចបន្ទួចទៅវិញ ចំពោះនៅឆ្នាំក្រោយ ឬឆ្នាំបន្តបន្ទាប់ ក៏មិនទាន់អាចធ្វើការវាយតម្លៃបាននៅឡើយ ប៉ុន្តែលោកជំទាវ មានការរំពឹងខ្ពស់ នៃការកើនឡើងវិញនៃភ្ញៀវទេសចរណ៍ ជាពិសេសការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈការទម្លាក់នូវកញ្ចប់ថវិកាជួយអន្តរគមន៍ផ្សេងៗ អាចនឹងជួយស្រោចស្រង់ឲ្យវិស័យ SME ឲ្យងើបឡើងមកវិញ។
សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ បើយោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម មានចំនួនជាង ១ ពាន់មូលដ្ឋាន សរុបទាំងអស់ការចុះបញ្ជីដែលជាប្រភេទកម្មន្តសាល មានជាង ៤៤ ពាន់មូលដ្ឋាន ក្នុងនោះក៏សហគ្រាសបិតទ្វារជិត ៣០០ មូលដ្ឋាន, បើគិតជាទុនវិនិយោគក្នុងវិស័យ SME នេះ មានប្រមាណ ៧៧៥ លានដុល្លារសហរដ្ឋអាមេរិក ដោយទុនវិនិយោគនេះ បានកើនឡើងខ្ពស់ក្នុងឆ្នំា ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី