ភ្នំពេញ៖ មកដល់ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ គេសំគាល់ឃើញថា មានទីតាំងកម្សាន្តសប្បាយនៅតាមទីសាធារណៈ ជាពិសេសការរៀបចំឆាកប្រគំតន្ត្រី Count down មិនតិចជាង៥កន្លែងនៅក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំរួចរាល់អស់ហើយ ហើយមួយចំនួននឹងត្រូវរៀបចំប្រគំចាប់ពីយប់នេះតទៅ ដើម្បីអបអរសាទរ និងការរាប់ថយក្រោយ ឆ្លងឆ្នាំសកលឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣នៅថ្ងៃស្អែកនេះ។
បើតាមការឲ្យដឹងពីលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ ក្រៅពីមានព្រឹត្តិការណ៍កម្សាន្តសប្បាយនៅវិមានឈ្នះ ឈ្នះ នៅតាមទីសាធារណៈរដ្ឋ និងឯកជននានាទៀតគឺបានរៀបចំឆាកប្រគំតន្ត្រីរួចរាល់អស់ហើយ ដើម្បីអបអរសាទរការឆ្លងឆ្នាំសកលហើយឆាកទាំងនោះគឺមានសួនវឌ្ឍនៈមួយកន្លែង កោះពេជ្រ២កន្លែង សួនណាហ្កាមួយកន្លែង និងសួនវត្តបុទុមវត្តីមួយកន្លែងទៀតជាដើម។
បើតាមតំណាងក្រុមការងាររៀបចំឆាកប្រគំដន្ត្រីរបស់ទូរទស្សន៍បាយ័ន បានឲ្យដឹងថា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នឹងរៀបចំការប្រគំតន្ត្រី អបអរសាទរឆ្លងឆ្នាំសកលចាប់ពីយប់ថ្ងៃទី៣០ ខែធ្នូនេះតទៅ ខណៈឆាកប្រគំន្ត្រីនៅសួនវឌ្ឍនៈ នៅសួនក្រុងតាខ្មៅ និងតាមទីតាំងកម្សាន្តសប្បាយនានាទៀតបានរៀបចំរួច និងមានការសមច្រៀងរាំចាប់ពីល្ងាចនេះតទៅដែរ អមដោយមានរៀបចំសួន វិថីម្ហូបអាហារនានាជាច្រើនកន្លែងទៀត។
ពលរដ្ឋនៅរាជធានីភ្នំពេញ បានថ្លែងថា ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំនេះនៅរាជធានីភ្នំពេញ នឹងមានភាពសប្បាយរីករាយអួរអរជាងបណ្តាឆ្នាំកន្លងមក ហើយពួកគេនឹងចូលរួមកម្សាន្តសប្បាយទាំងនោះនៅថ្ងៃឆ្លងឆ្នាំដោយមានពាក់ម៉ាស់ រក្សាគន្លាត និងបន្តចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថា នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ នៅតាមគោលដៅសាធារណៈមួយចំនួននឹងត្រូវរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ប៉ុន្តែទោះយ៉ាងណា ឯកឧត្តមស្នើពលរដ្ឋចូលរួមកម្សាន្តសប្បាយថ្ងៃឆ្លងឆ្នាំក្នុងស្មារតីទទួលខុសត្រូវ បើស្រវឹងសូមកុំបើកបរគោរពច្បាប់ចរាចរណ៍ ចៀសវាងគ្រោះចរាចរណ៍ជាយថាហេតុ៕ អត្ថបទ ស៊ុម សុខជា