
អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងទីក្រុងប៉េកាំង បានសម្តែងនូវភាពសប្បាយរីករាយរបស់ពួកគេ ចំពោះការធ្វើដំណើរដោយសេរី ក្រោយដកចេញវិធានការរឹតត្បិតជំងឺ COVID-19ដ៏តឹងរឹងបំផុតនៅលើពិភពលោក មុនបុណ្យឆ្នាំចិននាពេលខាងមុខនេះ ខណៈពេលដែលពួកគេប្រញាប់ប្រញាល់ឡើងជិះរថភ្លើង និងយន្តហោះ។
រយៈពេល ២ឆ្នាំកន្លងមកនេះ កម្មករចំណាកស្រុកជាច្រើននៅទូទាំងប្រទេសចិន បានចំណាយពេលបុណ្យចូលឆ្នាំចិន ឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ដោយសារតែវិធានការទប់ស្កាត់ជំងឺ COVID-19 ប៉ុន្តែ នៅបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ ពួកគេអាចធ្វើដំណើរទៅលេងផ្ទះ ដោយពុំចាំបាច់ធ្វើតេស្ត PCR ឬដាក់ខ្លួនឯងនៅឲ្យនៅដាច់ដោយឡែកនោះឡើយ៕
