ភ្នំពេញ ៖ សាស្ត្រចារ្យផ្នែកសង្គមសាស្ត្រ មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងនិស្សិតថ្នាក់បណ្ឌិតខេមរៈសិក្សា ៤២នាក់ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងវិធីសាស្ត្របង្រៀនថ្មីៗ ពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ក្រោមថវិកាគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈកម្ចីពីធនាគារពិភពលោក។
សិក្ខាសាលាបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យនេះ បានរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨-៣០ ខែធ្នូ ឆ្នាំ២០២២ នាខេត្តសៀមរាប ដែលផ្ដោតលើគោលបំណងសំខាន់នៃចំនួន៣ រួមមាន៖
ទី១៖ វគ្គបណ្ដុះបណ្ដាលពីវិធីសាស្ត្របង្រៀន
ទី២៖ បណ្ដុះបណ្ដាលសមត្ថភាពសាស្ត្រាចារ្យពាក់ព័ន្ធនឹងជំនាញប្រឹក្សាយោបល់
ទី៣៖ ការគ្រប់គ្រងទិន្នន័យនៅក្នុងវិទ្យាសាស្ត្រសង្គម។ សិក្ខាសាលានេះ ដោយមានការចូលរួមបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍នៃការបង្រៀននៅក្នុងវិទ្យាសាស្ត្រសង្គមពី សាស្ត្រាចារ្យនៃសកលវិទ្យាល័យ សូកាំង នៃសាធារណរដ្ឋកូរ៉េខាងត្បូង Sogang University ។
គួរជម្រាបថា នេះគឺជា ផ្នែកដ៏សំខាន់មួយនៃគម្រោង លើកកម្ពស់គុណភាពអប់រំកម្រិតឧត្តមសិក្សា (HEIP) នៃក្រសួងអប់រំយុវជន និងកីឡា។ គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ សម្រាប់មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្ដើមអនុវត្តកាលពីឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់នាឆ្នាំ ២០២៣ ខាងមុខ៕ ដោយ ៖ សុជាតា









