ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ខែធ្នូនេះ បន្តដំណើរចាកចេញពីរាជធានីភ្នំពេញទៅឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០២៣ នៅតាមបណ្តាខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា។
ពួកគាត់ បានប្រាប់BTVឱ្យដឹងថា នៅយប់នេះ ទៅឆ្លងឆ្នាំថ្មី ២០២៣ នៅខេត្តសៀមរាប បាត់ដំបង និង ព្រះសីហុនជាដើម។ ការទៅឆ្លងឆ្នាំថ្មី នាពេលនេះ ព្រោះស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់ មិនរីករាលដាលដូចពេលមុន អញ្ចឹងទើបសម្រេចចិត្តទៅដើរលេងកំសាន្តនៅថ្ងៃឈប់សម្រាកចុងឆ្នាំ។
លោក ហេង ពន្លក អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកាពីតូល ប្រាប់BTV ឲ្យដឹងដែរថា ក្នុងពេលជិតឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី មានប្រជាពលរដ្ឋជាច្រើន បានកក់សំបុត្រសម្រាប់ធ្វើដំណើរទៅតាមបណ្តាខេត្តផ្សេងៗ ហើយតម្លៃរក្សាដដែល មិនឡើងថ្លៃនោះទេ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បានទាំងស្រុង បន្ទាប់ពីជោគជ័យលើនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។
ការជោគជ័យនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅមិនភ័យខ្លាចដូចមុន ហើយអាចដើរលេងកំសាន្តនៅទីកន្លែងផ្សេងៗក្នុងឱកាសឆ្លងឆ្នាំថ្មី២០២៣៕ អត្ថបទ៖ទូច សោភ័ណ