សភាពាណិជ្ជកម្មកម្ពុជា ប្រកាសជំរុញ និងផ្តល់ផលប្រយោជន៍ដល់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងមានការរីកចម្រើន ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកម្មវិធីណែនាំអំពីការឃោស នាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនបោះឆ្នោត សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី ២ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នេះថា សភាពាណិជ្ជកម្មមានតួនាទីសំខាន់ណាស់ តំណាងឲ្យអាជីវករ ពាណិជ្ជករ ក្នុងគោលដៅកៀងគរ ដល់អ្នកវិនិយោគ និងអ្នករកស៊ីទទួលទានក្នុងវិស័យផ្សេងៗ ចាប់ជាដៃគូរ ឬមកវិនិយោគ ជាងនេះទៅទៀត សភាពាណិជ្ជកម្ម គឺជាតំណាងឲ្យវិស័យឯកជនទាំងមូល ក្នុងការចរចារជាមួយរាជរដ្ឋាភិបាល ដើម្បីស្វែងរកអ្វីដែលជាប្រមយោជន៍ សម្រាប់វិស័យឯកជន និងការដោះស្រាយការងាររាំងស្ទុះផ្សេងៗជាដើម។
ឯកឧត្តម បន្តថា ចំពោះការរៀបចំណែនាំអំពីការឃោសនាបោះឆ្នោត នឹងឈានទៅរៀបចំបោះឆ្នោតនៅខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសយកអ្នកដឹកនាំដែលមានលទ្ធភាព សមត្ថភាព ដើម្បីដឹកនាំនាវាក្នុងវិស័យឯកជនឲ្យកាន់តែរីកចម្រើន ព្រោះវិស័យឯកជនគឺជាស្នូល នៃការបង្កើតប្រពភពចំណូល សម្រាប់សេដ្ឋកិច្ចជាតិ ។
ចំណែកលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងឲ្យដឹងថា សភាពាណិជ្ជកម្មបានចែកចេញជាពីរគឺ សភាពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ ក្នុងនោះសម្រាប់ក្របខ័ណ្ឌជាតិ ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចផងដែរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលតែងតែចូលរួមដោះស្រាយរាល់ការលំបាករបស់វិស័យឯកជន បានជំរុញមានភាពរលូនមកដល់សព្វថ្ងៃ, ដោយឡែកក្នុងក្របខ័ណ្ឌអន្តរជាតិ សភាពាណិជ្ជកម្មក៏បានធ្វើការងារជាច្រើនប្រកបដោយភាពជោគជ័យផងដែរ។
សូមបញ្ជាក់ថា ជុំវិញការបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងគ្រោងរៀបចំការបោះឆ្នោតនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ ក្នុងនោះបេក្ខជនដែលបានចូលរួម មានផ្នែកកសិកម្ម, សេវាកម្ម វិជ្ជាជីវៈ, ផ្នែកឧស្សាហកម្ម និងសិប្បកម្ម ហើយចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ បេក្ខជនដែលឈរឈ្មោះបោះឆ្នោតទាំងអស់ អាចចេញឃោសនារកសំឡេងឆ្នោតពីអ្នកគាំទ្រ គឺពីម្ចាស់ពាណិជ្ជករ និងអាជីវករ ដើម្បីទទួលបានលទ្ធផលក្នុងការឆ្នោតអាណត្តិថ្មី៕ អត្ថបទ៖ សុន រ៉ាឌី







