សៀមរាប៖ ដើម្បីអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ និងដើម្បីផ្ដល់ស្នាមញញឹមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍ វិស័យឯកជនផ្នែកអភិវឌ្ឍន៍គម្រោងទេសចរណ៍ នៅក្នុងស្រុកបន្ទាយស្រី បានរៀបចំពិធីកំសាន្ដសប្បាយជាច្រើន នៅក្នុងស្រុកនេះ។
ពិធីនេះធ្វើឡើងនៅថ្ងៃ៣១ខែធ្នូឆ្នាំ២០២២ ដល់ថ្ងៃទី០១ខែមករាឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ។
លោក ម៉េត មករា ជាទីប្រឹក្សារបស់ក្រុមហ៊ុនOASIS “អូអេស៊ីស” មានប្រសាសន៍ថា ការបង្កើតព្រឹត្ដិការណ៍ឆ្លងឆ្នាំនៅជនបទនេះ ដោយសារចង់ឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ នៃស្រុកបន្ទាយស្រីមានស្នាមញញឹម មានភាពសប្បាយរីករាយ ក្នុងឱ្យកាសឆ្លងឆ្នាំសកលឆ្លងចូលឆ្នាំ២០២៣ ព្រោះប្រជាពលរដ្ឋខ្មែរមួយចំនួននៅជនបទ មិនសូវចាប់អារម្មណ៍នឹងពិធីឆ្លងឆ្នាំសកលនោះទេ។
ជាមួយគ្នានេះដែរ ការរៀបចំឆ្លងឆ្នាំថ្មី រាប់ថយក្រោយ គេតែងធ្វើនៅក្នុងក្រុង ប៉ុន្ដែសម្រាប់វិស័យឯកជនរូបនោះ គឺធ្វើឡើងនៅជនបទជិតផ្ទះរបស់ពួកគាត់ ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅឆ្លងឆ្នាំសកលនៅក្នុងក្រុងសៀមរាប ព្រោះត្រូវចំណាយពេលវាធ្វើដំណើរឆ្ងាយ ហើយម្យ៉ាងទៀតនៅក្រុងសៀមរាប នាពិធីឆ្លងឆ្នាំសកលនេះ មានមនុស្សច្រើនមកពីតាមបណ្ដាខេត្ដ រាជធានី ទៅទស្សនាកំសាន្ដ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍។
បន្ថែមលើពីនោះ លោកក៏ចង់បង្ហាញដល់ប្រជាពលរដ្ឋឱ្យដឹងថា នៅសហគមន៍ស្រុកបន្ទាយស្រី មានការអភិវឌ្ឍវិស័យទេសចរណ៍ ការរៀបចំកម្មវិធីកំសាន្ដសប្បាយនាពិធីបុណ្យម្ដងៗ មិនខុសពីទីក្រុងនោះទេ ។ជាពិសេសចង់ឱ្យបង្ហាញថា ប្រទេសកម្ពុជា មានសន្ដិភាព មានការអភិវឌ្ឍគ្រប់វិស័យ គ្រប់ទីកន្លែង ។
លោកបន្ដថា ការរៀបចំកម្មវិធីសប្បាយនេះ គឺជាលើកទីមួយហើយ ដោយមានរៀបចំកន្លែងរាប់ថយក្រោយ ការបាញ់កាំជ្រួច ការប្រគុំតន្ដ្រី ការសម្ដែងសិល្បៈចំរៀង សិល្បៈកំប្លែង និងល្បែងកំសាន្ដជាច្រើនទៀត នៅក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកទេសចរមកពីតាមបណ្ដាខេត្ដផ្សេង ចូលរួមឆ្លងឆ្នាំថ្មីឆ្នាំសកល២០២២ ឈានចូលឆ្នាំ២០២២៣នេះ ឱ្យបានគ្រប់គ្នា នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ៕







