ភ្នំពេញ៖ នគរបាលចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់ផ្លូវ សូមបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងពេលបើកបរ នាឱកាសបុណ្យចូលឆ្នាំសកល ខណៈនៅកម្ពុជាឱ្យតែមានពិធីបុណ្យទានធំៗម្ដងៗ តែងមានករណីគ្រោះថ្នាក់ចរាចរណ៍ កើនឡើងច្រើន ហើយបណ្ដាលឲ្យមានស្លាប់ និងរបួសជាច្រើននាក់ ។
លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយករដ្ឋាននគរបាលចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺនាយកដ្ឋាននគរបាលចរាចរណ៍ ក៏ដូចជាបណ្ដាស្នងការដ្ឋានរាជធានី-ខេត្ត បានដាក់ចេញនូវវិធានការ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ និងវិធានការរឹតបន្ដឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងនៅតាមដងផ្លូវ ។
លោក បានបន្តថា ស្ថានភាពចរាចរណ៍តាមដងផ្លូវបច្ចុប្បន្ននេះ គឺសង្កេតឃើញថា មាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដដែលដោយក្នុងមួយថ្ងៃជាមធ្យមមានមនុស្សស្លាប់ចំនួន៥នាក់ និងរបួសប្រមាណ ១០នាក់ ដែលភាគច្រើន គឺកើតឡើងចំពោះអ្នកបើកបរម៉ូតូ ។
លោកឧត្ដមសេនីយ៍ត្រី បានគូសបញ្ជាក់ថា ពេលវេលាគ្រោះថ្នាក់កើតឡើងច្រើន នៅពេល មានពិធីបុណ្យទានផ្សេងៗ ឬថ្ងៃចុងសប្ដាហ៍ ដែលពលរដ្ឋធ្វើដំណើរច្រើននៅលើដងផ្លូវ បញ្ហា នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ។
លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបន្ថែមថា សូមពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចនគរបាល ចរាចរណ៍ ហើយបើកបរដោយមានការចេះយោគយល់អធ្យាស្រ័យខ្ពស់នៅលើដងផ្លូវ បើកបរ ដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ពោលមិនលើសល្បឿនកំណត់ គោរសិទ្ធិអទិភាព និងកុំបើក បរនៅពេលស្រវឹង ៕ អត្ថបទ បាន សុខរិទ្ធិ
