មណ្ឌលគិរី៖ នៅថ្ងៃទី៣១ ធ្នូ ២០២២ គេបានសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើនបានអញ្ជើញមកដល់ខេត្តមណ្ឌលគិរី ដើម្បីដើរលេងកម្សាន្ត លំហែកាយ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣ ហើយនៅតាមតំបន់ទេសចរណ៍នានា គឺមានអ្នកទេសចរទៅទស្សនាជាច្រើន ខណៈដែលអាជ្ញាធរខេត្ត ក៏បានរៀបចំពិធីអបអរកម្សាន្តនៅចំណុចទំនប់ទឹកសែនសុខដុម ក្នុងក្រុងសែនមនោរម្យ ។
ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ទោះបីជាគាត់បានមកកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើនលើកមកហើយ ប៉ុន្តែរូបគាត់និងក្រុមគ្រួសារនៅតែជ្រើសយកខេត្តមណ្ឌលគិរីជាគោលដៅកម្សាន្ត ព្រោះទេសភាពនៅទីនេះស្អាតប្លែកខុសតំបន់ដទៃ ពិសេសគឺអាកាសធាតុត្រជាក់តែម្ដង ដែលល្អលើសតំបន់ទេសចរណ៍ផ្សេងៗ ។ ទោះជាយ៉ាងនេះក្ដីភ្ញៀវទេសចររូបនោះ ក៏លើកឡើងអំពីចន្លោះខ្វះខាតតិចតួចក្នុងសេវាកម្មទេសចរណ៍របស់ខេត្តមណ្ឌលគិរី ក្នុងនោះ នៅតាមតំបន់ទេសចរណ៍មិនទាន់មានធុងសំរាមគ្រប់គ្រាន់ ពិសេសគឺនៅខ្វះខាតបន្ទប់ទឹក ទន្ទឹមនេះដែរចំពោះតម្លៃស្នាក់នៅតាមResort គឺមានតម្លៃខ្ពស់ជាងខេត្តផ្សេងៗ ប៉ុន្តែចំពោះតម្លៃម្ហូបអាហារអាចទទួលយកបាន ។
គិតត្រឹមរសៀលនៅថ្ងៃទី៣១ធ្នូនេះ ចំពោះសន្ទុះចំនួនភ្ញៀវទេសចរចូលកម្សាន្តខេត្តមណ្ឌលគិរី គឺមានច្រើនហើយ ប៉ុន្តែមិនច្រើនខ្លាំងដូចឆ្នាំមុននោះទេ ខណៈដែលនៅតាមរមណីយដ្ឋាន ក៏ពុំទាន់មានភ្ញៀវច្រើនខ្លាំងរហូតធ្វើឲ្យមានការ កកស្ទះដូចពេលមុនៗនោះដែរ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក សេង សឿន បានឲ្យដឹងដែរ ចំពោះចំនួនភ្ញៀវដែលចូលមកកម្សាន្តនៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី៣១ធ្នូ ពុំទាន់ដឹងស្ថិតិជាក់លាក់នោះទេ ដែលមន្ត្រីជំនាញកំពុងចុះប្រមូលតាមរមណីយដ្ឋាននានា ។
លោកបន្តថា សម្រាប់ថ្ងៃទី៣១នេះ នៅចំណុចទំនប់ទឹកសែនសុខដុម និងទំនប់ទឹកសែនមនោរម្យ នឹងមានការបាញ់កាំជ្រួញអបអរ ដាក់ស្ដង់ពិព័រណ៍ ថែមទាំងមានការប្រគុំតន្ត្រីជូនប្រជាពលរដ្ឋ និងអ្នកទេសចរទស្សនាកម្សាន្តផងដែរ ៕ អ៊ិត ភីរុណ



