ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ បានបញ្ចេញរូបថតជាច្រើនសន្លឹកពីកាំជ្រួចជាច្រើនដើមដែលប្រទេសនេះបានបាញ់នៅថ្ងៃចូលឆ្នាំថ្មីមកដល់។ គេថែមទាំងបង្ហាញរូបថតពីពិធីប្រគល់ជើងទម្របាញ់កាំជ្រួចដ៏ធំមួយពីអ្នកផលិតទៅកាន់កិច្ចប្រជុំរបស់គណបក្សពលករដែលមានការចូលរួមពីមេដឹកនាំ គីម ជុងអ៊ុន ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិយាយថា ការបាញ់កាំជ្រួចថ្មីៗនេះ ធ្វើឡើងខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីភាពកិច្ចប្រជុំរបស់គណបក្សកាន់អំណាចពលករ ដែលលោកបានបញ្ជាអោយអភិវឌ្ឍន៍នូវកាំជ្រួចអន្ដរទ្វិប បាលីស្ទីកថ្មី និងអាវុធនុយក្លេអ៊ែរខ្នាតធំ ដើម្បីប្រឆាំងនឹងការគម្រាមកំហែងដែលនាំមុខដោយអាមេរិក។
ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចអស់ជាច្រើនដើមដែលមិនធ្លាប់មានពីមុនក្នុងឆ្នាំ២០២២ និង កំពុងបង្កើនការអភិវឌ្ឍន៍ជាមួយនឹងការប្រមើលមើលថា ខ្លួនអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរសំរាប់លើកទី៧ បន្ថែមទៀត។ អត្ថបទ៖ មករា