ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបង្ហាញនូវការតាំងចិត្ដនៅក្នុងសេចក្ដីថ្លែងការណ៍ប្រចាំឆ្នាំរបស់លោក កាលពីថ្ងៃសៅរ៍ជាមួយនឹងការជួបជុំពលរដ្ឋរុស្ស៊ីដែលគាំទ្រកងទ័ពរបស់លោកដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានសន្យាយកជ័យជំនះលើពួកនេអូ ណាហ្ស៊ីអ៊ុយក្រែន និងពួកលោកខាងលិចដែលចាត់ទុកថា កំពុងមានបំណងបំផ្លាញប្រទេសរុស្ស៊ី។
នៅក្នុងការបង្ហាញនូវភាពមុតមាំ និងសារប្រយុទ្ធដែលបានថតវីដេអូទុកនៅលើទូរទស្សន៍ជាតិនេះ លោកពូទីន បានសំដែងជាតួអង្គសង្រ្គាម ដោយលោកហៅថា ជាប្រតិបត្ដិការយោធាពិសេសមួយដែលស្ទើរតែជាប់ទាក់ទងនឹងការប្រយុទ្ធសំរាប់អនាគតរបស់ប្រទេសរុស្ស៊ី។
ទាក់ទងនឹងទាហ៊ានរបស់ខ្លួន លោកបាននិយាយថា កំពុងប្រយុទ្ធ ដើម្បីមាតុភូមិរបស់យើង សេចក្ដីពិត និងយុត្ដិធម៌ ដូច្នេះសន្ដិសុខរបស់រុស្ស៊ីអាចត្រូវបានធានាបានយ៉ាងពេញលេញ។
អស់រយៈពេលជាច្រើនខែមកហើយដែលវិមានក្រឹមឡាំងបានបង្ហាញជម្លោះនេះថា ជាយុទ្ធនាការដែលមានដែនកំណត់ ហើយវានឹងមិនធ្វើអោយប៉ះពាល់ដល់ជីវិតជនជាតិរុស្ស៊ីភាគច្រើនឡើយ។ ប៉ុន្ដែនៅក្នុងសុន្ទរកថានៅពីមុខក្រុមទាហ៊ានស្ថិតក្នុងឯកសណ្ឋានចម្បាំងដែលមានទឹកមុខមាំ លោក បានដាក់សង្រ្គាមជាចំណុចកណ្ដាលដ៏សំខាន់ ដោយប្រាប់ក្រុមគ្រួសារដែលមកជួបជុំគ្នាសំរាប់ការប្រារព្ធពិធីឆ្លងឆ្នាំដ៏មានសារៈសំខាន់នោះថា ច្រើនខែខាងមុខទៀត នឹងតម្រូវអោយមានការគាំទ្រ និងការធ្វើពលិកម្មចេញពីអ្នកទាំងអស់គ្នា។ លោកថែមទាំងបានចោទប្រកាន់លោកខាងលិចថា កំពុងភូតភរពីប្រទេសរុស្ស៊ី និងកំពុងបង្ករឿងជាមួយក្រុងម៉ូស្គូ ដើម្បីចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួន។
ទាក់ទងនឹងការច្រានចោលទៅនឹងការអំពាវនាវរបស់ក្រុងគាវដែលអោយទ័ពរុស្ស៊ី ចាកចេញពីប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការចរចានោះ លោកពូទីននិយាយថា រុស្ស៊ីកំពុងការពារប្រជាជន និងទឹកដីប្រវត្ដិសាស្រ្ដរបស់ខ្លួន៕ អត្ថបទ៖ មករា
