ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖
- សម្តេចតេជោ មានប្រសាសន៍ថា ភាពរីកចម្រើន នៃហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់(ផ្លូវ, ស្ពាន) ធ្វើឱ្យតំបន់នានាកាន់តែខិតជិតគ្នា ដែលការខិតជិតគ្នានេះ ដោយសារស្ពានឆ្លងស្រួល ផ្លូវធ្វើដំណើលឿន និងចំណេញពេលវេលា។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការឆ្លងទន្លេដោយទូក-ដ គឺមានហានិភ័យខ្ពស់ណាស់ ជាពិសេសទូក-ដតូចៗ ដែលនៅខេត្តក្រចេះនេះ ក៏ធ្លាប់មានករណីលិចទូក-ដចម្លង បណ្តាលឱ្យមានមនុស្សស្លាប់ផងដែរ កាលពីឆ្នាំ២០១១។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តក្រចេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋខេត្តក្រចេះ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលចិន បានប្រកាសបើកប្រទេសឡើងវិញបន្ទាប់ធូរស្បើយពីជំងឺកូវីដ-១៩ ហើយទេសចរចិននឹងធ្វើដំណើរចេញក្រៅប្រទេស ដែលកម្ពុជា ជាទិសដៅដ៏ល្អមួយ សម្រាប់ទេសចរចិន ហើយកម្ពុជាសូមស្វាគមន៍ជានិច្ច។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋរស់នៅតាមសងខាងការដ្ឋានស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែលនឹងមានផលប៉ះពាល់ខ្លះជៀសមិនរួច តែនៅពេលរួចរាល់ផ្លូវ និងស្ពាននេះ នឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរដល់សិស្សានុសិស្ស ដែលនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈចាប់ពីកម្រិតមតេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យទូទាំងប្រទេស។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលខេត្តក្រចេះ និងខេត្តតភ្ជាប់ពាក់ព័ន្ធ សូមគិតគូរអភិរក្សសត្វផ្សោត ដោយមិនរង់ចាំតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ សម្តេចតេជោ សម្រេចឱ្យបង្កើតតំបន់ស្នូលមួយដើម្បីការពារសត្វផ្សោយជាអចិន្ត្រៃយ៍។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ច ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំ ដែលកត្តាទាំងនេះ បានមកពីសុខសន្តិភាព និងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដ៏ល្អ។
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ៩ និង១៨នាទី









