ពិភពលោក៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បាននិយាយកាលពីថ្ងៃអាទិត្យថា សម្រាប់សេដ្ឋកិច្ចពិភពលោកភាគច្រើនឆ្នាំ២០២៣ នឹងជាក្លាយជាឆ្នាំដ៏លំបាក ខណៈដែលក្បាលម៉ាស៊ីនសំខាន់នៃកំណើនពិភពលោក ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងចិនសុទ្ធតែជួបប្រទះសកម្មភាពចុះខ្សោយ។
លោកស្រី Kristalina Georgieva ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយនៅក្នុងកម្មវិធីព័ត៌មាន Face the Nation របស់ទូរទស្សន៍ CBS កាលពីព្រឹកថ្ងៃអាទិត្យថា ឆ្នាំថ្មីនេះនឹងជួបការលំបាកជាងឆ្នាំមុនដែលយើងបានហែលឆ្លង។ លោកស្រីបាននិយាយថា ដើមចមដែលលោកស្រីលើកឡើងបែបនេះ ព្រោះប្រទេសមានសេដ្ឋកិច្ចរីកចម្រើនធំៗទាំង៣ គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិនសុទ្ធតែកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។
កាលពីខែតុលា ឆ្នាំ២០២២ មូលនិធិរូបិយវត្ថុអន្តរជាតិបានកាត់បន្ថយទស្សនវិស័យរបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការបន្តធ្លាក់ចុះដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងសម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់កំណត់ដោយធនាគារកណ្ដាលនានា ដូចជាធនាគារកណ្ដាលអាមេរិកមានបំណងធ្វើឲ្យសម្ពាធតម្លៃទំនិញធ្លាក់ចុះ៕
អត្ថបទ៖ សុខមាន