ស៊ីហ្គេម៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណៈចូលរួមយុទ្ធនាការ “កម្ពុជាស្អាត” ទាំងអស់គ្នា ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ការជំរុញនេះ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC បានរៀបចំយុទ្ធនាការមួយ ដើម្បីសម្អាតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោគឺយុទ្ធនាការ “ទីលានកីឡាស្អាត និងបៃតង” នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២២ មុនផ្លាស់ប្ដូរឆ្នាំថ្មី ឆ្នាំ២០២៣ ដែលជាឆ្នាំប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា ត្រៀមទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូង ដែលនៅសល់រយៈពេល ១២៣ថ្ងៃទៀតប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋមន្ដ្រីមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការនេះ ស្របពេលទៅនឹងយុទ្ធនាការទាំង ៤ ដែល CAMSOC បានដាក់ចេញរួមមាន៖ យុទ្ធនាការកម្ពុជាស្អាត, ប្រជាជនម្នាក់លេងកីឡាមួយមុខ, កីឡារស់ក្នុងសន្ដិភាព និងយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឥទ្ធិពលគ្រឿងញៀន ដើម្បីជំរុញការត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យត្រចះត្រង់ប្រកបដោយឧត្តមភាពតាមផែនការមេ។
ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះគឺជាឱកាសមួយ សម្រាប់កម្ពុជាក្នុងនាមម្ចាស់ផ្ទះ ធ្វើយ៉ាងណាឲ្យស័ក្ខិសមនឹងអ្វីដែលជាការទុកចិត្ត ការជឿជាក់របស់ភ្ញៀវ ក៏ដូចជាការជឿជាក់នៃសាធារណមតិរបស់ប្រជាពលរដ្ឋ។ ហើយរាល់ការដាក់ចេញនូវយុទ្ធនាការទាំងអស់ត្រូវបានដឹងលឺ និងសាទរពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែលជាកម្លាំងដ៏ធំណាស់សម្រាប់គ្រប់ប្រតិភូកីឡាដែលនឹងមកចូលរួម ដោយគ្មានការព្រួយបារម្ភអ្វីឡើយ។ យ៉ាងណាក្ដីយុទ្ធនាការនេះមិនមែនធ្វើតែមួយថ្ងៃនោះទេគឺធ្វើជាយូរមកហើយ តែចំពោះមុខស្របពេលកម្ពុជាដល់ពេលត្រឹមតែជាង ១២០ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវរួមគ្នាធ្វើយ៉ាងម៉េច ជំរុញយុទ្ធនាការនេះឲ្យបានខ្លាំងថែមទៀត ព្រោះភាពស្អាតគឺជាភាពទាក់ទាញមួយ មិនត្រឹមតែផ្ដល់នូវសុខភាពនោះទេ តែក្នុងជ្រុងនៃទេសចរណ៍ ភាពស្អាតគឺមានភាពទាក់ទាញណាស់។ ដូច្នេះបើសិនមានភាពស្អាត មានគ្រប់ទីកន្លែង វានឹងបង្កើតភាពទាក់ទាញ អ្នកណាក៏ចង់មកលេងកម្ពុជា ហើយក្នុងនាមម្ចាស់ផ្ទះ ប្រជាពលរដ្ឋគ្រប់រូបក៏មានមោទនភាពសម្រាប់ខ្លួនឯង និងប្រទេសជាតិផងដែរ។
តាមរយៈនេះ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដដែលសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់រូបនេះនឹងចូលរួមជាមួយយុទ្ធនាការទាំងអស់នេះឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ដើម្បីកម្ពុជាស្អាត និងកិត្តិយសជាតិ ឲ្យស័ក្ដិសមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការជឿជាក់ទុកចិត្តរបស់អន្ដរជាតិ ពិសេសដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំទាំងអស់គ្នា៕ អត្ថបទ៖ លី ឈុនឡា