បាល់ទាត់៖ ក្រុមបាល់ទាត់បារាំង Paris Saint Germain បានស្គាល់បរាជ័យជាលើកដំបូងនៅក្នុងលីគរាប់តាំងពីខែមីនា ឆ្នាំ២០២២ ក្រោយចាញ់ក្រុមកំពុងមានទម្រង់លេងល្អ RC Lens ៣-១។ ក្រុមលេខ២ RC Lens ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ប្រកួតរដូវកាលនេះ ហើយនៅពេលនេះតាមពីក្រោយ PSG តែ ៤ពិន្ទុប៉ុណ្ណោះ។

ក្រុមម្ចាស់ផ្ទះ Lens បើកការនាំមុខតាំងពីនាទីទី៥ ដោយ Frankowski តែ PSG តាមស្មើវិញ ៣នាទីបន្ទាប់ដោយ Hugo Ekitike។ PSG មិនមានវត្តមានខ្សែប្រយុទ្ធប្រេស៊ីល Neymar ឡើយដោយសារជាប់ពិន័យកាតក្រហមប្រកួតមុន ខណៈដែល Lionel Messi នៅបន្តសម្រាកក្រោយចប់ World Cup។ Lens បានបើកការនាំមុខសាជាថ្មីនៅនាទីទី២៨ ដោយ Lois Openda មុនពេលដែល Alexis Claude-Maurice ជាអ្នកធានាជ័យជំនះឱ្យ Lens យកឈ្នះ PSG ៣-១។
Lens ស្មើការប្រកួតទល់នឹង Nice សប្តាហ៍មុនក្រោយ World Cup តែមុន World Cup ក្រុមរបស់លោក Franck Haise ឈ្នះ ៦ ក្នុងចំណោម ៨ប្រកួតចុងក្រោយក្នុងលីគ និងឈ្នះរាល់ការប្រកួតក្នុងផ្ទះរបស់ខ្លួន ៩ប្រកួត។ ចំណែក PSG ចាញ់ប្រកួតដំបូងបំផុតតាំងពីខែមីនា ឆ្នាំ២០២២ ក្រោមស្នាដៃ Monaco ៣-០៕
អត្ថបទ៖នាង សុភាវុធ