ភ្នំពេញ៖ ថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលរយៈពេល ២ ថ្ងៃ នៅទូទាំងប្រទេស ភ្ញៀវទេសចរសរុបប្រមាណ ២.០២២.៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២.០០៦.១១៧ នាក់ និងភ្ញៀវបរទេស ១៦.៨០៣ នាក់ បានចេញដើរលេងកម្សាន្តតាមខេត្ត និងតំបន់រម្មណីយដ្ឋាននានា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនាថ្ងៃទី២ ខែមករានេះ។
យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ដែលទេសចរនិយមទៅលេងកម្សាន្ដនោះរួមមាន៖ រាជធានីភ្នំពេញ ៤៥៥.៨៣២ នាក់ ខេត្តព្រះសីហនុ ៣៣៨.៥៥២នាក់ ខេត្តសៀមរាប ៣៣៧.៧៦៩ នាក់ ខេត្តកំពត ៣៣០.៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨.១១០នាក់ ខេត្តកែប ៨៨.៣៥៦នាក់ ខេត្តត្បូងឃ្មុំ ៨៤.៦៨៣នាក់ និងខេត្តកំពង់ចាម ៧៦.៩០១នាក់។
បើតាមក្រសួងទេសចរណ៍ តួលេខខាងលើមានការកើនឡើង ៧៦,៦៥% បើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។
ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមរតកតេជោជាដើម។
ក្រសួងបញ្ជាក់ថា គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕(ដោយ៖ វ៉ន ដារ៉ា)






