ម៉ិកស៊ិក៖ អាជ្ញាធរប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធនៅពន្ធនាគារមួយកន្លែងក្នុងទីក្រុង Juarez ព្រំដែនភាគខាងជើង។ រដ្ឋអាជ្ញា រដ្ឋChihuahua បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនៅក្នុងពន្ធនាគារ មានបុគ្គលិកសន្តិសុខ ១០នាក់ និងអ្នកទោស ៤នាក់ ខណៈ ១៣នាក់ផ្សេងទៀតបានរងរបួស ហើយយ៉ាងហោចណាស់អ្នកទោស ២៤នាក់បានរត់គេចខ្លួន។

វានៅពុំទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថា នរណាជាអ្នកចាប់ផ្តើមការវាយប្រហារ។ សាច់ញាតិរបស់អ្នកទោសម្នាក់ និយាយថា អ្នកវាយប្រហារទាំងអស់មានអាវុធល្អជាងនគរបាល។ រដ្ឋអាជ្ញានិយាយថា ការស៊ើបអង្កេតបឋមបានរកឃើញថា អ្នកវាយប្រហារបានចូលមកដល់ម៉ោងប្រហែល ៧ព្រឹកម៉ោងក្នុងតំបន់ នៅពន្ធនាគារដោយរថពាសដែកហើយបានបាញ់ប្រហារ។ ប៉ុន្មាននាទីមុនអាជ្ញាធរបានរាយការណ៍ពីការវាយប្រហារនៅក្បែរនោះ មកលើនគរបាលទីក្រុង ហើយក្រោយការដេញតាមបុរស ៤នាក់ត្រូវបានចាប់ខ្លួន និងរឹបអូសបានរថយន្តមួយគ្រឿង។
នៅតំបន់មួយទៀតនៃទីក្រុង អ្នកបើកបរពីរនាក់បានស្លាប់នៅថ្ងៃបន្ទាប់ ជាអ្វីដែលអាជ្ញាធរចាត់ទុកថាជាការបំពានប្រដាប់អាវុធ។ រដ្ឋអាជ្ញាពុំបានបញ្ជាក់ថា តើឧប្បត្តិហេតុទាំង៣ នេះមានការជាប់ទាក់ទងគ្នា ឬយ៉ាងណានោះទេ។ កាលពីខែសីហា ទាហានម៉ិកស៊ិករាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Juarez បន្ទាប់ពីការប្រឈមមុខដាក់គ្នានៅពន្ធនាគារ រវាងសមាជិកក្រុមជួញដូរជាគូប្រជែងពីរក្រុមបានបង្កឱ្យមានកុបកម្ម និងការបាញ់ប្រហារបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ដែលភាគច្រើនជាជនស៊ីវិល៕
អត្ថបទ៖ ប៊ុនថន