ព្រៃវែង៖ នៅព្រឹកថ្ងៃទី០២ ខែមករានេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់ និងលិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២១-២០២២ និងជូនវត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់ អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។
ឯកឧត្តម ក៏បានសំណូមពរដល់ក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគតប្រទេសជាតិយើង៕













