ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធនានា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅព្រឹកថៃ្ងទី២មករាឆ្នាំ២០២៣នេះ។
ក្នុងពិធីនោះឯកឧត្តមប៉ែន កុសល្យ បានកោតសសើរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលកន្លងមក បានពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព ភក្តីភាពនិងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រនិងធានាផ្តល់នូវការរៀនសូត្រតាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ អូសបន្លាយអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមអោយលោក គ្រូ អ្នកគ្រូទាំងអស់ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខនិងជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ និងជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា ជាអ្នកច្នៃប្រឌិត ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្តទៀតជាប្រចាំទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ និងភាសាបរទេស ដើម្បីចំណេះដឹងថ្មីៗគរុកោសល្យល្អៗ ដើម្បីមកបង្ហាត់បង្រៀនដល់សិស្សឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋដើម្បីជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគតផងដែរ។
ជាមួយគ្នានោះឯកឧត្តម បានអំពាវនាវឲ្យសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ត្រូវបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមឲ្យបានសស្រាក់សស្រាំដើម្បីការរីកចម្រើននៅក្នុងគ្រួសារក៏ដូចជាសង្គម និងប្រទេសជាតិយើងទាំងមូលគឺសិស្សានុសិស្សត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន ។
តាមរបាយការណ៍របស់លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី២០២២ នេះចំនួនសិស្សដែលជាបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួន១៦៤៧នាក់ ឆ្នាំមុនមានត្រឹមតែ១៤២៨នាក់ តែប៉ុណ្តោះកើនឡើងជាង១០០នាក់។ ក្នុងនោះសិស្សប្រឡងជាប់ ១០៨២នាក់ ស្រី៦០១នាក់សិស្សបាននិទ្ទេសA ចំនួន៦នាក់ និទ្ទេសBចំនួន៤៩នាក់ ស្រី២៩នាក់ និទ្ទេសC ចំនួន២១៥នាក់ ស្រី១០៣នាក់ និទ្ទេសDចំនួន៤៦៣នាក់ ស្រី២៦០នាក់ និងនិទ្ទេសEចំនួន៤៨៨នាក់ ស្រី២៨៦នាក់៕ អត្ថបទ៖ សារិទ្ធ









