ភ្នំពេញ៖ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ពីមតេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យបានចាប់ផ្ដើមបវេសនាកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់គ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់នៅថ្ងៃទី ២ខែមករា ឆ្នាំ២០២៣នេះ។
ការបើកបវេសនកាលនៅតាមសាលារៀននីមួយៗ ធ្វើឡើងក្រោមរូបភាព ដោយមានវត្តមាន អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សិស្ស ក៏ដូចជាអាណាព្យាបាលមួយចំនួន។
សម្រាប់សិស្សនៅវិទ្យាល័យបាក់ទូក ដែលបានទៅសាលាក្នុងថ្ងៃដំបូងនេះ តាមការសង្កេតគឺនៅតែបន្តរក្សាវិធានការការពារ។
សិស្សនៅបន្តពាក់ម៉ាសការពារ បានល្អប្រសើរ ទោះសព្វថ្ងៃបញ្ហាកូវីដ-១៩ នៅកម្ពុជា ពុំមានការឆ្លងច្រើនយ៉ាងណាក្ដី។ ថ្ងៃដំបូងនៃការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ពួកគាត់ជាសិស្ស បានបង្ហាញក្ដីរីករាយ ដោយភ្ជាប់ជាមួយការប្ដេជ្ញាខិតខំរៀនសូត្រ និងគោរពវិន័យសាលា ដើម្បីក្លាយជាសិស្សល្អ។
ក្នុងឱកាសបើកបវេសនកាលនេះ លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក បានណែនាំដល់សិស្សនូវចំណុចមួយចំនួនផងដែរ។ ចំណុចសំខាន់ទី ១ គឺណែនាំឱ្យសិស្សគ្រប់រូបត្រូវតែបប្រឹងប្រែងរៀនសូត្រ មិនថាកម្រិតថ្នាក់នោះទេ។ ចំណុចសំខាន់មួយទៀត គឺណែនាំឱ្យសិស្សត្រូវគោរព បទបញ្ជាផ្ទៃក្នុងសាលា ប្រតិបត្តិវិន័យឱ្យបានខ្ជាប់ខ្ជួន។
ការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរនេះ គឺទទួលបានពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបំពេញការងារជាច្រើន។ ជាពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតថ្លៃ ចាប់តាំងពីដូសទី ១ ឈានដល់ការប្រកាសឱ្យចាក់ដូសជំរុញទី ៦ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រកាសអនុញ្ញាតនាពេលថ្មីៗនេះ។
ការគ្រប់ស្ថានការណ៍កូវីដ-១៩ មិនឱ្យមានការផ្ទុះរីករាលដាលខ្លាំងនេះ គឺបានអនុញ្ញាតឱ្យសាលារៀនបើកដំណើរបានទាំងស្រុងរយៈពេលពេញមួយឆ្នាំរួចមកហើយ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១៕អត្ថបទ៖ គឹមហុក