អ៊ុយក្រែន៖ យោធារុស្ស៊ីបានបន្តវាយប្រហារលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ដែលឆ្នាំថ្មីឈានចូលមកដល់។ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានស្ទាក់ចាប់យានដ្រូនផលិតដោយប្រទេសអ៊ីរ៉ង់ចំនួន ៤៥គ្រឿងដែលរុស្ស៊ីបានបញ្ជូនមកកាលពីល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ។
អភិបាលក្រុង Kyiv និយាយថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានកំណត់គោលដៅទៅលើទីតាំងថាមពល និងបានបំផ្លាញអគារហេដ្ឋារចនាសម្ព័ន្ធ។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Kyrylo Tymoshenko បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការបាញ់ផ្លោងរបស់រុស្សីនៅទីក្រុង Kherson ភាគខាងត្បូងបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ២០នាក់ផ្សេងទៀតរងរបួស រួមទាំងអ្នកសារព័ត៌មានជប៉ុនម្នាក់ និងបានបំផ្លាញមន្ទីរពេទ្យកុមារ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Bridget Brink បានបង្ហោះសារលើបណ្តាញ Twitter ថា រុស្ស៊ីបានវាយប្រហារយ៉ាងឃោរឃៅ និងកំសាកមកលើប្រទេសអ៊ុយក្រែននៅដើមឆ្នាំថ្មីនេះ។ លោកស្រីនិយាយថា អាមេរិកមានទំនុកចិត្តយ៉ាងខ្លាំងថា អ៊ុយក្រែននឹងមានជ័យជំនះនៅឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារនៅថ្ងៃចូលឆ្នាំសកលរបស់ខ្លួន បានផ្តោតលើទីតាំងផលិតយានដ្រូនរបស់អ៊ុយក្រែន។ ក្រសួងបានអះអាងថា រុស្ស៊ីអាចទប់ទល់នឹងការវាយប្រហារភេរវកម្មរបស់ក្រុងគីវមកលើរុស្ស៊ីនាពេលអនាគត។ ជាមួយគ្នានេះប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា បំណងប្រាថ្នាតែមួយគត់របស់លោក សម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់សម្រាប់ឆ្នាំ២០២៣ គឺជ័យជំនះ ហើយបានសម្រេចចិត្តបន្តដំណើរទៅមុខទៀត ខណៈប្រទេសនេះព្យាយាមដើម្បីជ័យជំនះ។ លោកនិយាយថា យើងត្រៀមខ្លួនរួចជាស្រេចប្រយុទ្ធដើម្បីសេរីភាព។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយរបស់លោកមកលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយចាត់ទុកថាជា «ប្រតិបត្តិការសឹកពិសេស» ហើយលោកបានប្រើសុន្ទរកថាឆ្នាំថ្មីផ្ទាល់ខ្លួន ដើម្បីប្រមូលផ្តុំប្រជាជនរុស្ស៊ីឲ្យគាំទ្រទាហានដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន