បាល់ទាត់៖ ក្លិបប៊ែលហ្ស៊ិក Club Brugge បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Scott Parker ដែលធ្លាប់ដឹកនាំក្លិបអង់គ្លេស Bournemouth។ Scott Parker អតីតកីឡាករជម្រើសជាតិអង់គ្លេសត្រូវបានបណ្តេញចេញពីតំណែង Bournemouth កាលពីថ្ងៃសីហា ប៉ុន្មានខែបន្ទាប់ពីដឹកនាំក្រុមឡើងមកកាន់ English Premier League។
មុនដឹកនាំ Bournemouth លោក Parker ក៏ធ្លាប់ដឹកនាំ Fulham ផងដែរ។ Scott Parker មកដល់ Club Brugge បន្តតំណែងពីលោក Carl Hoefkens ដែលត្រូវបានដកតំណែងកាលពីសប្តាហ៍មុន ទោះបីបានដឹកនាំក្រុមឡើងវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបក៏ដោយ។ ការសំរេចបណ្តេញលោក Carl Hoefkens ចេញពីតំណែងត្រូវបានប្រកាសដោយក្លិបប៊ែលហ្ស៊ិកមួយនេះ បន្ទាប់ពីទំរង់លេងធ្លាក់ចុះខ្លាំងនៅលីគក្នុងស្រុក បូករួមទាំងបរាជ័យចុងក្រោយ ៤-១ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃ St. Truiden នៅពានរង្វាន់ប៊ែលហ្ស៊ិកខាប់សប្តាហ៍មុន និងស្មើគ្នា ១-១ ក្នុងដីខ្លួនឯងទល់នឹង OH Leuven ក្នុងលីគកាលពីថ្ងៃអង្គារ។
លោក Carl Hoefkens បានដឹកនាំ Club Brugge ឈ្នះ ៣ប្រកួតដំបូងក្នុងពូលនៅ UCL និងកក់កៅអីវគ្គ ១៦ក្រុមមុនគេមុនឯង មុនពេលដែលបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ២ នៅពីក្រោម Porto ទំលាក់ Leverkusen និង Atletico Madrid។ ការងាររបស់លោក Scott Parker គឺដឹកនាំ Club Brugge ទៅទឹកដី Genk នៅថ្ងៃទី៨ ខែមករាខាងមុខនេះ ហើយត្រូវជួប Benfica នៅខែកុម្ភៈវគ្គ ១៦ក្រុមចុងក្រោយ UCL៕
អត្ថបទ៖នាង សុភាវុធ