កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ បានអញ្ជើញសម្ពោធសមិទ្ធផលផ្លូវ ដែលទើបកសាងរួចចំនួន ៣ខ្សែ សម្រាប់ជាកាដូរចំណងដៃមុននិងបិទបញ្ចប់ទំព័រសករាជឆ្នាំចាស់ ២០២២ ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល២០២៣ ផ្ដល់ជូនដល់បងប្អូនប្រជា ពលរដ្ឋនៅឃុំផ្ដៅជុំ។
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន មានប្រសាសន៍ថា រាល់សមិទ្ធិផលទាំងឡាយ ដែលកើតឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋាន ជាការយកចិត្តទុកដាក់ផ្ទាល់ពីក្រុមការងារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញដល់ការអភិវឌ្ឍសមិទ្ធិផលក្នុងមូលដ្ឋានឲ្យបានរីកចម្រើន សំដៅបម្រើនូវប្រយោជន៍ជាចាំបាច់ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្តថា ទន្ទឹមនឹងសមិទ្ធលហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានក៏នៅមានសមិទ្ធផលធំៗ របស់សង្គមជាតិជាច្រើនទៀត ដែលបាននឹងកំពុងលេចឡើងជាបន្តបន្ទាប់តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងនោះ មានសមិទ្ធិផលមួយចំនួនបានសម្ពោធដាក់ឲ្យ ប្រើប្រាស់រួចហើយ និងមួយចំនួនកំពុងបន្តបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ទៀតផងដែរ។
ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយខិតខំបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋ តាមរយៈការបន្តកសាងសមិទ្ធផលផ្សេងៗជាបន្តទៀត ជាមួយនឹងការប្រកាសផ្ដល់ជូនផ្លូវក្រាលគ្រួសក្រហម ចំនួនមួយបន្ថែមទៀត និងពិនិត្យលើសំណើធ្វើផ្លូវលំមួយខ្សែទៀត ដែលពលរដ្ឋបានលើកជាសំណើរឡើងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ា ឈឿន បានជំរុញឲ្យក្រុមការងារ ក៏ដូចជាអាជ្ញាធរនៅគ្រប់ មូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយសេចក្តីត្រូវការចាំបាច់ ជូនប្រជាពលរដ្ឋរួមទាំងសេវាតម្រូវការចាំបាច់ និងសេវាសំណូមពរផ្សេងៗ ហើយបានស្នើឱ្យថ្នាក់ដឹកនាំគ្រប់មូលដ្ឋាន ត្រូវបន្តជំរុញលើការអភិវឌ្ឍមូលដ្ឋាន និងខិតខំអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ធ្វើយ៉ាងណានៅតាមមូលដ្ឋាននីមួយៗ មិនត្រូវឲ្យ កើតមានអំពើចោរកម្មលួចឆក់ ប្លន់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយធានាឲ្យ បាននូវសុវត្ថិភាពល្អនៅគ្រប់មូលដ្ឋានជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ សុខរិទ្ធ