បាត់ដំបង៖ បុរសជាអ្នករកស៊ីដឹកម្នាស់ទៅលក់នៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយសមាជិកគ្រួសារចំនួន ០៧នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក ហើយអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត។
លោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឲ្យដឹងថា បុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ ២៧ឆ្នាំ រកស៊ីដឹកម្នាស់ពីស្រុករុក្ខគីរី ទៅលក់នៅរាជធានីភ្នំពេញ ត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យរកឃើញថាមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
លោកស្រីអភិបាលស្រុក បានបញ្ជាក់ថា ដោយមានការពាក់ព័ន្ធដោយផ្ទាល់ គឺសមាជិកគ្រួសាររបស់គាត់ សរុបចំនួន ០៧នាក់ ត្រូវបានពិនិត្យយកសំណាក ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀត បានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បុរសមានវិជ្ជមានកូវីដ១៩នេះ កាលថ្ងៃទី១១ ខែមេសា បានដឹកម្នាស់ទៅលក់នៅផ្សារនាគមាស និងនៅថ្ងៃទី១២ បានត្រឡប់មកផ្ទះនៅបាត់ដំបងវិញ ជាមួយមនុស្សចំនួន ០២នាក់ទៀត។
សេចក្តីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីមកដល់ផ្ទះវិញ សម្រាក់នៅជាមួយប្រពន្ធ (ជាគ្រូបង្រៀន បានចាក់វ៉ាក់សាំងចំនួន២លើក) និងកូនចំនួន ០២នាក់ទៀត ប៉ះពាល់ជាមួយមិត្តភក្តិក្នុងភូមិចំនួន ១៥នាក់ ប៉ះពាល់ប្រយោលមនុស្សចំនួន ២០នាក់ កំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យមោងឫស្សី ដែលអ្នកទាំងនោះសំណាកលើកទី១ គឺអវិជ្ជមាន។
ប្រភពបន្ថែមថា បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានបុរសខាងលើ ត្រូវបាននាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយមន្ទីរសុខាភិបាលខេត្ត កំពុងប្រកាសរកអ្នកបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយគាត់ ឬអ្នកធ្លាប់បានចេញចូលរកស៊ីម្នាស់ជាមួយគ្នានៅផ្សារនាគមាស សូមទំនាក់ ទំនងបន្ទាន់តាមរយៈទូរស័ព្ទលេខ ០១២ ៤១៦ ២៤៧ និងមួយខ្សែទៀត ០១៧ ៦៤៦៩៦៦ ដើម្បីប្រឹក្សាសុខភាព និងយកសំណាក៕ អត្ថបទ: បាន សុខរិទ្ធ


