
ភ្នំពេញ៖ ក្នុងយុទ្ធនាការចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមភូមិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង ១៤ខណ្ឌ ក្នុងនោះ មានចំនួន ១០៥ប៉ុស្តិ៍រដ្ឋបាល បានបន្តចុះធ្វើអត្តញ្ញាណបណ្ណជូនពលរដ្ឋទាំងយប់ទាំងថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់ម៉ោងការងារ ប្រកបរបររកស៊ី ឬ ម៉ោងសិក្សារបស់កូនៗពួកគាត់។
ក្នុងនោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លទ្ធផល នៃការចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងតាមខ្នងផ្ទះ រយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបទាំង ១០៥ប៉ុស្តិ៍រដ្ឋបាល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នគរបាលបានថតអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានចំនួន ២៣១៦៥នាក់។
គួររំលឹកផងដែរ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង ២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព។
ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ






