
អន្ដរជាតិ៖ ស្របពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសចិន រងផលប៉ះពាល់ដោយសារការហក់ឡើងខ្ពស់ករណីឆ្លងជំងឺ COVID-19 បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យក្នុងស្រុក ប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺឲ្យបានទាន់ពេលវេលា ជាពិសេសសម្រាប់អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មន្ទីរពេទ្យជាច្រើន ប្រើប្រាស់យ៉ាងសកម្មធនធានរបស់ពួកគេ និងបន្ថែមគ្រែ ខណៈដែលពួកគេព្យាយាមសង្រ្គោះអាយុជីវិតមនុស្ស និងព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ។ នៅទីក្រុង Harbin រដ្ឋធានីខេត្តភាគឦសាន Heilongjiang មន្ទីរពេទ្យ Harbin Medical University បានបន្ថែមគ្រែសង្រ្គោះបន្ទាន់ និងបំពង់អុកស៊ីសែន ដើម្បីទប់ទល់ការហក់ឡើងខ្ពស់ចំនួនអ្នកជំងឺ COVID-19 បើទោះបីជាពួកគេខ្វះខាតបុគ្គលិកដោយសារតែការឆ្លងជំងឺក៏ដោយ៕
