ភ្នំពេញ៖ ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ លើកទី៥ ឆ្នាំ២០២៣នេះ មានអ្នកសារព័ត៌មានប្រមាណជាង ៤ ពាន់នាក់។ នេះបើតាមឯកឧត្ដម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។
លោកបានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ពាន់នាក់នេះ បានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។
នៅក្នុងឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មាន លើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍កាលពីកិច្ចប្រជុំមួយដើម្បីត្រៀមរៀបចំជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ថា គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី-ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។
ឯកឧត្ដម ផុស សុវណ្ណ បានឱ្យដឹងថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕ អត្ថបទ៖ វ៉ន ដារ៉ា






