ភ្នំពេញ៖ គិតចាប់ពីខែមករា ឆ្នាំ២០២៣នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០០ដុល្លារ របស់កម្មករនិយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងត្រូវដាក់ឲ្យអនុវត្តជាផ្លូវការ។ ទន្ទឹមនេះ កម្មករ-កម្មការនី បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ។
ក្រុមកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឲ្យដឹងថា សព្វថ្ងៃនេះទាំងការរស់នៅ និងការប្រកបការងារ គឺមានភាពល្អប្រសើរច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ និងមិនខ្វះខាតដូចពេលមុនៗទេ ដូចជាប្រាក់ឈ្នួលកើនឡើងជារៀងរាល់ឆ្នាំ, ពេលឈឺទៅពេទ្យក៏គ្មានការបង់ប្រាក់។ លើសពីនេះទៀតនោះ លែងមានការព្រួយបារម្ភទៀតហើយ នៅពេលឈានដល់អាយុចូលនិវត្តន៍ ពួកគាត់ ក៏នឹងអាចទទួលប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដូចទៅនឹងមន្រ្តីរាជការផងដែរ។
លោក សំ វុទ្ធី សហជីពមូលដ្ឋាន នៃសំឡេងយុវជនខ្មែរ បានបញ្ជាក់ឲ្យដឹងដែរថា ជាការកត់សម្គាល់ រហូតមកដល់ពេលនេះ ការបំពេញការងារ និងការយល់ដឹងនានារបស់កម្មករ-កម្មការនី គឺល្អប្រសើរជាងមុនច្រើនណាស់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញឲ្យប្រាក់ឈ្នួលអប្បបរមា មានការកើនឡើងបន្តទៅមុខទៀត ហើយសង្ឃឹមទៀតថា ជាមួយនឹងការតម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ តម្លៃបន្ទប់ជួល និងទំនិញនានាសូមរក្សាថ្លៃនៅដដែល ដើម្បីជួយសម្រួលការរស់នៅរបស់កម្មកររោងចក្រ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងជារៀងរាល់ឆ្នាំ ពីចំនួន ៣៥ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី





