បាត់ដំបង៖ តាយាយ ២នាក់ប្តីប្រពន្ធជាទុគ៌តជន រស់នៅភូមិតាខោឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះនារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត, លោក កង និងសហការីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោក អ៊ំ ហិត ហើយ អាយុ ៥៨ឆ្នាំពិការភ្នែកទាំង២ ជាអតីតនិវត្តន៍ជន និងភរិយា ឈ្មោះ ហ៊ើយ រស់ អាយុ ៧៤ឆ្នាំ មានជំងឺប្រចាំកាយ មានជីវភាពខ្វះខាតរស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ទន្ទឹមនឹងនេះ ឯកឧត្តម ងួន រតនៈ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើជូនគ្រួសារលោកតាត្រូវយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាល «រស់នៅធម្មតាតាមបែបគន្លងថ្មី» ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះឱ្យបានល្អជាទ្រព្យសម្បត្តិតរៀងទៅ។
សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះ មានទំហំ (៥ម៉ែត្រx៧ម៉ែត្រ) តសំយាបក្រោយទំហំ (១.៨០ម៉ែត្រx៧ម៉ែត្រ) ធ្វើអំពីដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំងស្មាតបត សាងសង់ដោយក្រុមការងារ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បាត់ដំបង បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម, ទឹកសុទ្ធីវីឃែរ ១០កេស ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា អាយឺត) សាប៊ូ ៨ ដុំ ម៉ាស់ ២ប្រអប់,ប៉ាវអ៊ី ១ សម្ភារ:ផ្ទះបាយមួយចំនួន ក្នុងនោះឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀលផងដែរ៕


