ចិន៖ ខណៈការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង និងស្របពេលដែលក្ដីបារម្ភកើនឡើងកាន់តែខ្លាំងជុំវិញភាពជឿជាក់នៃរបាយការណ៍ និងលំដាប់ករណីឆ្លងរបស់ប្រទេសនេះ ប្រទេសរាប់សិបបានប្រកាសការរឹតត្បិតថ្មីលើការមកដល់របស់អ្នកដំណើរពីប្រទេសចិន នៅពេលដែលពលរដ្ឋចិនជាច្រើនត្រៀមធ្វើដំណើរចេញទៅបរទេស។

ប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងដាក់ចេញឡើងវិញនូវវិធានការធ្វើតេស្តរកវីរុស COVID-19 មុនការហោះហើរ សម្រាប់អ្នកទាំងឡាយហោះហើរចេញពីប្រទេសចិន។ ចំណែកប្រទេសផ្សេងទៀតដូចជា ជប៉ុន និងអ៊ីតាលីកំពុងតម្រូវឲ្យធ្វើតេស្តពេលមកដល់ និងការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកទាំងឡាយដែលមានវិជ្ជមានវីរុសនេះ។ ប្រទេសមួយគឺម៉ារ៉ុកបានសម្រេចចិត្តហាមប្រាមមិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន លើគ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ជាវិធានការមួយដែលចូលជាធរមាននៅថ្ងៃអង្គារនេះ។

ការរឹតត្បិតថ្មីមិនបានបន្ធូរបន្ថយទាំងស្រុងទេនៅក្នុងទីក្រុងប៉េកាំង នៅក្នុងការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលដែលបានចាប់ផ្តើមបោះបង់ចោលគោលនយោបាយគ្មានវីរុស COVID-19 របស់ខ្លួនកាលពីខែមុន បន្ទាប់ពីការតវ៉ាជាសាធារណៈដ៏កម្រ។ យ៉ាងណាក៏ដោយពលរដ្ឋមួយចំនួននៅក្នុងទីក្រុងសំខាន់របស់ចិន បានជម្នះនឹងភាពត្រជាក់ និងការឆ្លងរាលដាលវីរុស COVID-19 ដើម្បីវិលត្រឡប់មកកាន់ជីវិតតាមធម្មជាតារបស់ពួកគេវិញកាលពីថ្ងៃចន្ទ ទី២ ខែមករា។ នៅក្នុងទីក្រុងប៉េកាំងមនុស្សបានប្រមូលផ្ដុំគ្នាជិះកង់កម្សាន្តនៅលើបឹងទឹកកក ជិតមួយខែក្រោយចិនបន្ធូរបន្ថយវិធានការគ្មានវីរុស ដើម្បីទទួលយកយុទ្ធសាស្ត្ររៀនរស់នៅជាមួយវីរុស៕
អត្ថបទ៖ សុខមាន