បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino និងប្រធានសហព័ន្ធបាល់ទាត់អាមេរិកឡាទីន CONMEBOL លោក Alejandro Dominguez បានជួបពិភាក្សាគ្នា មុនចូលរួមពិធីបុណ្យសពវីរបុរសបាល់ទាត់ប្រេស៊ីលនៅថ្ងៃចន្ទម្សិលមិញ។

លោក Gianni Infantino បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកយើងនាំគ្នាកាន់ទុក្ខមរណភាពលោក Pele លោកចង់ស្នើឱ្យគ្រប់សហព័ន្ធបាល់ទាត់ទាំងអស់ មានការគោរពវិញ្ញាណក្ខន្ធមួយនាទីមុនការប្រកួតរបស់ពួកគេ ហើយលោកក៏នឹងស្នើសុំគ្រប់ប្រទេសទាំង ២១១ គួរតែដាក់ឈ្មោះកីឡដ្ឋានណាមួយរបស់ពួកគេតាមឈ្មោះលោក Pele។ មនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅកីឡដ្ឋាន Vila Belmiro នៅទីក្រុង Santos ដែលជាស្រុកកំណើតរបស់លោក Pele។ មឈូសដាក់សាកសពលោក Pele ត្រូវបានគេតម្កល់នៅកណ្ដាលទីលានបាល់ទាត់នៃកីឡដ្ឋានរបស់ក្លិប Santos ដែលជាក្លិបលោក Pele ចំណាយពេលក្នុងអាជីពបាល់ទាត់របស់គាត់ចាប់ពីឆ្នាំ១៩៥៦ ដល់ ១៩៧៤។

វីរបុសប្រេស៊ីលលោក Pele ដែលបានទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រូវបានគេចាត់ទុកថាជាកំពូលកីឡាករបាល់ទាត់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Pele បានស៊ុតបញ្ចូលទីសរុប ១២៨១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៦៣ប្រកួតកាន់កំណត់ត្រាពិភពលោក និងឈ្នះពានសំខាន់ៗជាច្រើនក្នុងអាជីព ២១ឆ្នាំជាកីឡាករបាល់ទាត់។ ស្នាដៃដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់លោក Pele នោះគឺលោកបានជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានជើងឯកពិភពលោក ៣លើកនៅឆ្នាំ១៩៥៨ ១៩៦២ និង ១៩៧០៕
អត្ថបទ៖នាង សុភាវុធ