អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងមានផែនការយុទ្ធនាការអូសបន្លាយនៃការវាយប្រហារដោយយានដ្រូន ដើម្បីបំបាក់អ៊ុយក្រែន។

លោក Volodymyr Zelensky និយាយថា លោកបានទទួលរបាយការណ៍ពីទីភ្នាក់ងារចារកម្មដែលលើកឡើងថា ទីក្រុង Moscow នឹងបើកការវាយប្រហារដោយប្រើយានដ្រូន Shahed បង្កើតឡើងដោយអ៊ីរ៉ង់។ របាយការណ៍នេះមានឡើង បន្ទាប់ពីអ៊ុយក្រែនបើកការវាយប្រហារដោយរ៉ូកែត ដែលខ្លួននិយាយថាបានសម្លាប់ទាហានរុស្ស៊ីរាប់រយនាក់នៅក្នុងតំបន់ Donbas។ នៅក្នុងការទទួលស្គាល់ដ៏កម្រមួយនៃការបរាជ័យក្នុងសមរភូមិ រុស្ស៊ីបាននិយាយថា ការវាយប្រហារនោះបានសម្លាប់ទាហានរបស់ខ្លួនចំនួន ៦៣នាក់។

ថ្លែងក្នុងសុន្ទរកថាពេលយប់របស់លោកនៅក្នុងរដ្ឋធានី លោក Zelensky បាននិយាយថា រុស្ស៊ីមានផែនការវាយបំបាក់អ៊ុយក្រែនដោយរលកអូសបន្លាយនៃការវាយប្រហារដោយយានដ្រូន។ លោកថា យើងត្រូវតែធានាឲ្យបាន ហើយយើងនឹងធ្វើគ្រប់យ៉ាង ដើម្បីធ្វើឲ្យគោលដៅរបស់ក្រុមភេរវករបរាជ័យ ដូចជាផែនការផ្សេងទៀតដែរ។ ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនងជាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈទីក្រុង Moscow បើកការវាយប្រហារលើទីក្រុងជាច្រើន និងស្ថានីយថាមពលទូទាំងប្រទេសកាលពី ៣យប់កន្លងទៅ៕
អត្ថបទ៖ សុខមាន