ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តសន្តិភាពឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាកដែលរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបមហាគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជាដែលគ្រោងធ្វើនាថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ មានកីឡាករប្រណាំងរថយន្ត Off Road ជាតិ និងអន្តរជាតិចុះឈ្មោះចំនួន ៦៦នាក់មកពី ៤ប្រទេសមានប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជាជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់របស់លោក ព្រំ រស្មី ប្រធានគណៈកម្មការរៀបចំការប្រកួតប្រណាំងរថយន្ត Off Road សន្តិភាពឆ្នាំ២០២៣ នាទីលាន ១២ម៉ូទ័រផាកកាលពីពេលថ្មីៗនេះ។
លោកបន្តថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ កីឡាករជាតិ និងអន្តរជាតិបានចុះឈ្មោះចំនួន ៦៦នាក់ស្មើនឹង៧០ ទៅ ៨០ នៃការរំពឹងទុកថានឹងទទួលបានពី ៨០ ទៅ ៩០រថយន្តចូលរួមមហាព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាពឆ្នាំ២០២៣ ដើម្បីអបអរការសម្ពោធទីលានស្តង់ដារអន្តរជាតិធំជាងគេនៅកម្ពុជាគឺទីលាន ១២ម៉ូទ័រផាក ដែលសាងសង់លើផ្ទៃដីទំហំ ៩៣ហិចតានាខេត្តប៉ែកឦសាន្តនៃប្រទេសកម្ពុជា ជាមួយនឹងការប្រកួតកីឡាផ្សេងៗទៀតផងដែរ។ លោក ព្រំ រស្មី បន្ថែមថា ការប្រកួតរថយន្ត Off Road នេះចែកចេញជា ៣ Class មាន Class A សម្រាប់កីឡាករជំនាញ (Hard core),Class B កីឡាករមធ្យម (light core) និង Class C សម្រាប់កីឡាករចូលរួមដំបូង (Overland)។ ហើយសម្រាប់ Class A អ្នករៀបចំរូបនេះភ្ញាក់ផ្ញើលដោយមានអ្នកចុះឈ្មោះច្រើនរហូតជាង ៣០រថយន្ត រីឯ Class B និង C មានជាង ១០រថយន្តប៉ុណ្ណោះ។
ជាមួយគ្នានេះលោក ព្រំ រស្មី បានបញ្ជាក់ថា ១២ម៉ូទ័រផាកគឺជាទីលានធំជាងគេ និងលេខ១ នៅកម្ពុជា មានផ្លូវប្រណាំងបែបធម្មជាតិ និងផ្លូវបែបកែច្នៃ និងមានផ្លូវជាង ១០ខ្សែដែលអាចប្រណាំងបាន មានគ្រប់ស្ថានភាពផ្លូវ គ្រប់រស់ជាតិ ថ្ម ទឹក ភក់ជាដើម ដែលអ្នកជំនាញប្រណាំងរថយន្ត Off Road រូបនេះធ្លាប់ឆ្លងកាត់ប្រណាំងជាច្រើនប្រទេសក្នុងតំបន់អាស៊ាន។ លោក ព្រំ រស្មី ក៏បានស្នើអោយគ្រួសាររថយន្ត Off Road ទាំងអស់ចូលរួមអោយបានគ្រប់ៗគ្នា ទៅតាមប្រភេទរថយន្ត និង Class ដែលគណៈកម្មការរៀបចំ កុំអោយមានការបារម្ភ រថយន្តធម្មតាមិនទាន់កែច្នៃក៏អាចប្រណាំងបាននៅ Class C , ចំនែកឯរថយន្តកែច្នៃកម្រិតមធ្យមប្រណាំងនៅ Class B កម្រិតមធ្យមដូចគ្នា រីឯកីឡាករខ្លាំងៗប្រណាំងជាមួយកីឡាករកម្រិតអន្តរជាតិនៅ Class A ដើម្បីប្រជែងយកពានរង្វាន់ការប្រណាំងរថយន្ត Off Road សន្តិភាពឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាពឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាកក៏មានការប្រណាំងម៉ូតូ Super Cross និងប្រណាំងរថយន្ត Rally។ អ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករដែលទទួលបានជយលាភីលេខ១ ទាំងអស់នឹងក្លាយជាអគ្គរាជទូតសុច្ឆន្ទៈរបស់ទីលាន ១២ម៉ូទ័រផាក ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំ អមនឹងពានរង្វាន់១ និងប្រាក់លើកទឹកចិត្ត ដើម្បីអបអរពិធីសម្ពោធទីលានស្តង់ដារអន្តរជាតិធំជាងគេនៅកម្ពុជាផងដែរ៕