ភ្នំពេញ៖ បណ្ណាល័យជាតិ កំពុងរៀបចំរក្សាទុកនូវឯកសារសំខាន់ៗផ្សេងៗ ក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ខណៈឯកសារនៅក្នុងបណ្ណាល័យមួយនេះ កំពុងមានអ្នក ចាប់អារម្មណ៍អានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងជនជាតិខ្មែរ និងបរទេស ។
ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៣ ខែមករា នេះ លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណា ល័យជាតិ និងជាអនុប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បច្ចុប្បន្ន បណ្ណាល័យជាតិ មានតម្កល់ទុកនូវក្រាំង សាស្ដ្រាស្លឹករឹត ឯកសារ និងសៀវភៅចាស់ថ្មី ជាង ១២ម៉ឺនក្បាល ដែលជាច្បាប់ និងរដ្ឋបាលសម្រាប់ប្រទេសកម្ពុជា និងឥណ្ឌូចិន ក៏ដូចជាសៀវភៅអំពីសិល្បៈ សាសនា ការធ្វើដំណើរ និងប្រវត្តិសាស្ត្រកម្ពុជាផងដែរ ។
លោកស្រី បានបញ្ជាក់ថា ដើម្បីថែរក្សាឯកសារទាំងអស់នេះឲ្យកាន់តែគង់វង្ស បណ្ណាល័យជាតិ បានរៀបចំរក្សាទុកឯកសារសំខាន់ៗ មានដូចជាសៀវភៅ កាសែត ទស្សនាវដ្ដី សាស្ត្រាស្លឹករឹត និងរូបភាព ចំណាស់ៗក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងកាន់តែផ្ដល់នូវភាពងាយស្រួលដល់អ្នកអាន ស្រាវជ្រាវ ព្រោះឯក សារនោះ មានទាំងខ្មែរ និងភាសារបារាំង ជាដើម ។
ព្រះរតនៈវិសុទ្ធិវង្ស គាន សារ៉ាត់ ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូសូត្រវត្តព្រះពុទ្ធ ឃោសា ចារ្យ (វត្តចិនដំដែក) មានថេរៈដីកាគាំទ្រចំពោះសកម្មភាពបំផុសការអាន ដែលមានប្រយោជន៍ និងជួយ បង្កើតពុទ្ធិដល់អ្នកអាន ក៏ដូចជាលើកស្ទួយវិស័យអប់រំនៅកម្ពុជា តាមរយៈការបង្កើតបណ្ណាល័យ ការតាំង ពិព័រណ៍ ឬកម្មវិធីផ្សេងៗរបស់រាជរដ្ឋាភិបាល និងដៃគូនានា ។
លោកស្រី ខ្លូត វិបុលឡា បានបញ្ជាក់ថា កំណើនអ្នកចូលអាន ឬសិក្សាស្រាវជ្រាវ ក្នុងបណ្ណាល័យ ជាតិ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនិស្សិត ដែលធ្វើសារណាបញ្ចប់ការសិក្សា ដែល កាលពីឆ្នាំ២០២២ មានអ្នកចូលអានប្រមាណជាង១ម៉ឺននាក់ ខណៈបណ្ណាល័យជាតិ ក៏បានរៀបចំតាំង ពិព័រណ៍សៀវភៅ ចំនួន៩លើកមកហើយ ដើម្បីលើកស្ទួយដល់ការអានសៀវភៅ និងលើកទឹកចិត្តដល់អ្នក និពន្ធ និងស្រាវជ្រាវ ៕ អត្ថបទ៖ បាន សុខរិទ្ធិ