ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបន្តចូលរួមជីវភាព នយោបាយពីសំណាក់គណបក្សដទៃ ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចដ៏ឯករាជ្យ របស់ ប្រជាពលរដ្ឋម្នាក់ៗ ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់BTVនៅថ្ងៃទី៣ ខែមករា នេះថា ពិតណាស់ មួយរយៈចុងក្រោយ មានបណ្តាថ្នាក់ដឹកនាំ សមាជិក-សមាជិកា របស់គណបក្សនានា ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលនេះគឺជាការប្រើប្រាស់សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ជឿជាក់លើគណបក្ស នយោបាយណា ដែលខ្លួនពេញចិត្ត។
ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ការចេញពីគណបក្សមួយទៅគណបក្សមួយ ជាសិទ្ធិសម្រេចរបស់ ប្រជាពលរដ្ឋម្នាក់ៗ ស្របទៅតាមគោលការណ៍ច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ ស្តីពីគណបក្សនយោបាយ ។ ការចូលរួមជីវភាពនយោបាយ របស់បុគ្គលមកពីគណបក្សនានា ត្រូវឈរលើការសម្រេចចិត្តដោយឯករាជ្យ និងមិនត្រូវបានអូសទាញ ទិញទឹកចិត្ត សម្លុត ឬគំរាមកំហែងនោះទេ ។
ឆ្លើយតបចំពោះភាពចាំបាច់ នៃការចូលជាសមាជិកពីគណបក្សនានាបន្ថែម ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ទៀតថា ទោះបីគណបក្សប្រជាជន មានសមាជិក-សមាជិការហូតជាង៦លាននាក់ក្តី ប៉ុន្តែបើប្រជាជនណាយល់ឃើញអំពីកម្មវិធីនយោបាយរបស់គណបក្សផ្សេងមិនត្រឹមត្រូវ គឺគណបក្សប្រជាជន បើកទ្វារទូលាយទទួល និងស្វាគមន៍ជានិច្ច ។
ឯកឧត្តម សុខ ឥសាន បានបន្ថែមថា លក្ខណៈពិសេស ដែលនាំឲ្យសមាជិកគណបក្សដទៃចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជានោះ ដោយសារគណបក្ស មានកម្មវិធីនយោបាយត្រឹមត្រូវ ហើយផ្អែក លើគុណសម្បត្តិផ្សារភ្ជាប់ផលប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាឆ្លើយតបសំណូមពរត្រូវការ និងបម្រើផលប្រយោជន៍របស់ប្រជាជន សំដៅធានាជីវភាពប្រជាជនកាន់តែប្រសើរ ៕
អត្ថបទ៖ សេក ឧត្តម