កណ្ដាល៖ មន្ទីរសុខាភិបាលខេត្តកណ្តាល នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ នៅថ្ងៃទី៩ មករាខាងមុខ ដែលជាការពង្រីកបន្ថែមការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញនៅ នៅតាមមូលដ្ឋានសុខាភិបាលនានា តាមសាលារៀន រោងចក្រ និងតាមខ្នងផ្ទះតាមសហគមន៍នានា។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងឲ្យBTV នៅដឹងនៅថ្ងៃទី៣ ខែមករានេះថា សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៦ថ្មីនេះ ក្នុងដំណាក់កាលដំបូង គឺមាននៅតាមមូលដ្ឋានសុខាភិបាលនានាដូចជានៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពប្រមាណ ១០៦កន្លែងនៅទូទាំងខេត្តកណ្តាល ហើយនឹងមានការចុះចាក់នៅតាមមន្ទីរអង្គភាពនានាជុំវិញ ប្រសិនបើ មន្ទីរអង្គភាពទាំងអស់នោះ ដាក់សំណើរឲ្យក្រុមពេទ្យចុះចាក់។
វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះ បានថ្លែងថា នៅពេលនេះ ក្រុមពេទ្យបានត្រៀមខ្លួនរួចរាល់ហើយ បើកដំណើរការចាក់វ៉ាក់សាំងតាមគោលការណ៍ណែនាំថ្នាក់ដឹកនាំ ខណៈបច្ចុប្បន្ន មានពលរដ្ឋមកពីគ្រប់ទិសទី បាននាំគ្នាមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យជ័យជំនះនេះច្រើនហូរហែរដែរ។
ដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យជ័យនោះដែរ គឺមានពលរដ្ឋជាច្រើន ក៏បាននាំគ្នាសាកសួរក្រុមពេទ្យអំពីការសុំចាក់វ៉ាក់សាំងដូសទី៦នោះដែរ ដើម្បីបង្កើនការពង្រឹងភាពស៊ាំ និងទប់ស្កាត់ការឆ្លងកើតជំងឺកូវីដ១៩ បង្កការរំខានការធ្វើការងារ និងការប្រកបរបររកចំណូលនានាទៀត។
តាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តកណ្តាល គិតមកដល់ថ្ងៃទី៣ ខែមករាឆ្នាំ២០២៣នេះ ទូទាំងខេត្ត មានពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី២ មានចំនួនជាង ១លាន១៣ម៉ឺននាក់ ស្មើនឹង១០៨% ចាក់ដូសទី៣ មានចំនួន៩៩ម៉ឺននាក់ស្មើនឹង៩៥% ចាក់ដូសទី៤មានប្រមាណ៣៤% ដោយឡែក ដូសទី៥មានពលរដ្ឋទៅចាក់បានប្រមាណតែ ៦%ប៉ុណ្ណោះ ៕អត្ថបទ ស៊ុម សុខជា