ភ្នំពេញ៖ ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ បន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ទី៦ ដើម្បីបង្កើនអង់ទីគ័រក្នុងសារពាង្គកាយទប់ទល់នឹងការវាយលុកពីជំងឺនេះ ។
អាជ្ញាធរនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមករានេះ បានប្រាប់ BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៦ ពិតជាមានសារសំខាន់ណាស់ អាចជួយបង្ការ ខ្លួនពីហានិភ័យនៃជំងឺកូវីដ-១៩ និងរស់នៅធម្មតា មិនសូវភ័យខ្លាចពីជំងឺកូវីដ ហើយបន្ទាប់ពីចាក់ដូសជំ រុញទី៦រួច សុខភាពធម្មតា ដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងមុនៗផងដែរ។
ពួកគេ បានសំដែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្រេច ឱ្យមន្រ្តីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ ទទួលវ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ ដោយឥតគិតថ្លៃ។
កន្លងទៅថ្មីនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ ដល់ កុមារ អាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ, ចាក់ដូសជំរុញទី៥ ដល់កុមារ អាយុពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូស ជំរុញទី៦ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ តាមការស្ម័គ្រចិត្ត។
ការចាក់វ៉ាក់សាំងដូសជំរុញទាំងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែមករា នេះតទៅ សម្រាប់មន្រ្តីរាជ ការ និងកូនចៅមន្រ្តីរាជការស៊ីវិល នៅថ្នាក់ជាតិ។ ដោយឡែកការចាក់វ៉ាក់សាំងដូសជំរុញក្នុងក្របខណ្ឌ រាជធានី-ខេត្ត នឹងត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងដោយដែនសមត្ថកិច្ចរបស់ខេត្តរៀងៗខ្លួន ៕ អត្ថបទ៖ ទូច សោភ័ណ